កាលពីព្រឹកថ្ងៃទី ១៤ ខែ កញ្ញា កន្លងទៅសហព័ន្ធកីឡាបាល់ទាត់របស់ថៃបានប្រកាសតែងតាំង លោក Milovan Rajevac ដែលជាគ្រូបង្វឹកជម្រើសជាតិថៃ ឈុតធំ នឹងត្រូវដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ ជំនួសលោក Worawoot Srimakha ដែលត្រលប់ទៅកាន់តួនាទីជាជំនួយការវិញ ប៉ុន្តែត្រូវបានគ្រូធំដឹកនាំក្រុមជម្រើសជាតិថៃ រូបនេះបដិសេធ និងទម្លាក់តួនាទីមកអោយគ្រូជំនួយរបស់ខ្លួន។
តាមសេចក្ដីរាយការណ៍បានអោយដឹងថាការបដិសេធរបស់លោកគឺផ្អែកលើមូលហេតុថា លោកចង់ផ្តោតអារម្មណ៍តែលើជម្រើសជាតិមួយមុខគត់។
ក្រោយការបដិសេធ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ក៏បានសម្រេចតែងតាំងជំនួយការរបស់ លោក Rejavac នៅក្នុងក្រុមជម្រើសជាតិធំ គឺលោក Zoran Jankovic ដែលជាគ្រូបង្វឹកសញ្ជាតិប៊ែលហ្សេក អោយក្លាយជាគ្រូបង្វឹកដឹកនាំក្រុម U23 តែម្តង។
បែបនេះក្ដី លោក Worrowoot នឹងក្លាយជាជំនួយការរបស់គ្រូបង្វឹកថ្មីរូបនេះវិញម្តង ខណៈដែលថៃនឹងត្រូវត្រៀមខ្លួនដើម្បីចូលរួមប្រកួតវគ្គចុងក្រោយពានរង្វាន់ AFC U-23 CHAMPIONSHIP 2018 នៅប្រទេសចិន ក្នុងខែមករា។
គួររំលឹកថា ជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ បានឡើងទៅប្រកួតនៅក្នុងពានរង្វាន់នេះ បន្ទាប់ពីបានឈ្នះនៅក្នុងវគ្គជម្រុះ ដែលធ្វើឡើងនៅប្រទេសរបស់ខ្លួនផ្ទាល់កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ ក្នុងនាមជាក្រុមលេខ២ល្អ៕