ក្រុមបាល់ទាត់ Muangthong United បានធ្វើការប្រកាសសមាសភាពកីឡាករថ្មីរបស់ខ្លនជាផ្លូវការ ដែលជាអតីតសមាជិកនៃក្រុមជម្រើសជាតិថៃ គឺកីឡាករកូនកាត់ថៃ ស្វីស Charyl Chappuis។
ក្រុមការពារតំណែងជើងឯកលីកកំពូលថៃ បានធ្វើការទិញចូលកីឡាករដែលមានតម្លៃខ្លួនខ្ពស់មួយរូបទៀត បន្ទាប់ពីយល់ព្រមក្នុងការផ្ទេរពីក្រុមបាល់ទាត់ Suphanburi FC មក។ កូនកាត់ថៃ ស្វីស រូបនេះចូលរួមជាមួយ Muangthong United ជាមួយនឹងតម្លៃខ្លួនដែលបិទជិត ប៉ុន្តែជាថ្នូលនឹងការដោះដូរខ្សែការពារវ័យ ២២ ឆ្នាំ Suphan Thongsong ដែលផ្ទេរពី Muangthong United ទៅកាន់ Suphanburi FC វិញ។
គួរបញ្ជាក់ថា Charyl Chappuis បានក្លាយជាកីឡាករទី ៥ ដែលចូលរួមជាមួយក្រុម Muangthong United នារដូវកាលនេះ បន្ទាប់ពីកីឡាករ Heberty, Prakit Deeprom, Siroch Chatthong និងកីឡាករ Thossawat Limwannasathian៕
ធ្លាប់ជាកីឡាករយុវជនរបស់ក្លិបលីកកំពូលស្វីស Grassoppers, Charyl ត្រូវបានស្គាល់ជាសាធារណៈ នៅពេលដែលរូបគេចូលរួមជាមួយក្រុមជម្រើសជាតិស្វីសឈ្នះពាន 2009 FIFA U-17 World Cup។ កីឡាករថៃកាត់ស្វីសរូបនេះបានមកចូលរួមជាមួយ Buriram Unitd កាលពីឆ្នាំ២០១៣មុនពេលទៅលេងនៅក្លិប Suphanburi ក្នុងឆ្នាំ២០១៥។
រូបគេក៏ធ្លាប់ទៅចូលរួមជាមួយជម្រើសជាតិថៃ U-23 ក្នុង SEA Games 2014 ហើយក៏ជាកីឡាករធ្លាប់ជួយជម្រើសជាតិដំរីសឹកថៃ ឈ្នះពាន AFF Suzuki Cup 2014 ផងដែរ៕
រូបភាព៖ Muangthong United FC.