ប្រាក់រង្វាន់លើកទឹកចិត្ត ដែលមានទំហំ ១៥៣,៥៤៥,០០០ បាត ស្មើនឹងជាង ៤,៦៤១,៥០៦ ដុល្លារ ត្រូវបានផ្តល់ជូនគ្រូបង្វឹក និងអត្តពលិកដែលឈ្នះមេដាយពីកីឡាប្រចាំតំបន់អាស៊ាន SEA Games 2017 និង Asean Para Games 2017 នៅវិមានរដ្ឋាភិបាលកាលពីម្សិលមិញ។

នៅចាំបានថា ប្រទេសថៃបានឈ្នះមេដាយមាសចំនួន៧២ មេដាយប្រាក់៨៤ គ្រាប់និងសំរិទ្ធ៨៨ ពីកីឡា SEA Games 2017 នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែសីហា។ ពិធីនេះស្ថិតនៅក្រោមការចូលរួមពី លោកនាយករដ្ឋមន្ត្រី Prayuth Chan-o-cha និងលោក Kobkarn Wattanavrangkul រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា។ បើយោងទៅតាមលក្ខណៈវិនិច្ឆ័យរបស់អាជ្ញាធរកីឡារបស់ប្រទេស មេដាយមាសនឹងទទួលបាន ២០០,០០០ បាត ខណៈប្រាក់ទទួលបាន ១០០,០០០បាត និងសំរឹទ្ធ ៥០,០០០ បាត។

សម្រាប់គ្រូបង្វឹកអត្តពលិកដែលឈ្នះមេដាយនឹងទទួលបាន ២០ភាគរយ នៃអ្វីដែលអត្តពលិកពួកគេទទួលបាន។

ដោយឡែកអត្តពលិកនៅក្នុងកីឡាជនពិការអាស៊ាន បានឈ្នះមេដាយមាសចំនួន៦៨គ្រឿង មេដាយប្រាក់ចំនួន៧៣ និងសំរឹទ្ធចំនួន៩៥។ ទឹកប្រាក់ ១០០,០០០ បាតផ្ដល់ជូនអ្នកឈ្នះមេដាុមាស មេដាយប្រាក់ ៥០,០០០ បាត និងសំរឹទ្ធ ២៥,០០០ បាត ត្រូវបានផ្តល់ទៅឱ្យអត្តពលិក ខណៈដែលគ្រូបង្វឹកគឺទទួលបាន១០ភាគរយ។

ការប្រកួតកីឡាជនពិការប្រចាំតំបន់អាស៊ាន ហៅកាត់ថា Asean Para Games បានបញ្ចប់ការប្រកួតជាផ្លូវការ ជាលទ្ធផលឥណ្ឌូនេស៊ី ក្លាយជាក្រុមដែលរកបានមេដាយច្រើនជាង ដោយឥណ្ឌូនេស៊ី រកមេដាយមាសបានរហូតដល់១២៦គ្រឿង ប្រាក់៧៥ និងសំរឹទ្ធ៥០ សរុប២៥១មេដាយ ខណៈថៃ ឈរនៅលេខ៣។

ដោយឡែកកីឡា SEA Games ម៉ាឡេស៊ី ធ្វើបានល្អជាងគេដោយឈ្នះមេដាយមាសរហូតដល់១៤៥ ដាច់ក្រុមលេខ២ថៃ ជាងពាក់កណ្ដាល សរុបមេដាយនៅថ្ងៃចុងក្រោយ ម្ចាស់ផ្ទះម៉ាឡេស៊ី រកមេដាយមាសបានរហូតដល់១៤៥គ្រឿង ប្រាក់៩២ និងសំរឹទ្ធ៨៦ សរុប៣២៣មេដាយ តាមពីក្រោយដោយថៃ ឈរនៅលេខ២៕

 

រូបភាព: nationmultimedia