កីឡាករអ្នចាំទីនៃក្រុមបាល់ទាត់ជម្រើសជាតិថៃ Sinthaweechai Hathairattanakool បានប្រកាសចូលនិវត្តន៍ កាលពីម្សិលមិញក្រោយចំណាយពេលជាង១៤ឆ្នាំ ជាមួយក្រុម។

ភ្លាមនៅក្រោយចប់ការប្រកួតរវាង ក្រុមជម្រើសជាតិរបស់ខ្លួន ជាមួយ ក្រុមជម្រើសជាតិអូស្រ្តាលី នៅក្នុងការប្រកួតចុងក្រោយ នៃពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក FIFA World Cup 2018 កាលពីម្សិលមិញ កីឡាករ Sinthaweechai Hathairattanakool បានប្រកាសថាខ្លួននឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ដែលធា្លប់បានបង្ហាញខ្លួនចំនួន៧៨ប្រកួត និងរក្សាសំណាញ់ទីមិនអោយគូប្រកួតទាត់ចូលទីបានរហូតដល់២៤ដង។

គួរបញ្ជាក់ថា រយៈពេល១៤ឆ្នាំជាមួយជម្រើសជាតិ ស្នាដៃដែលកីឡាករ Sinthaweechai Hathairattanakool ធ្លាប់ឈ្នះជាមួយជម្រើសជាតិ រួមមាន ឈ្នះមេដាយមាស SEA GAMES ជាមួយក្រុមជម្រើសជាតិថៃ U-23 ២ដង ក្នុងឆ្នាំ២០០៣ និង២០០៥ ​ជួយក្រុម​ជម្រើសជាតិ​ថៃឈ្នះពាន AFF Suzuki Cup ២០១៦ កាលពីពេលថ្មីៗនេះ។

បច្ចុប្បន្ន កីឡាករវ័យ៣៥ឆ្នាំរូបនេះ កំពុងប្រកបអាជីពជាមួយក្លិប Suphanburi FC ដែលជាក្លិបប្រកបអាជីពនៅលីគកំពូលថៃ៕

 

រូបភាព: FA Thailand