ក្រុមអ្នកគាំទ្រជាង ១០០,០០០ នាក់ បានប្រមូលផ្តុំគ្នានៅលើទីលានប្រណាំងរថយន្ដអន្តរជាតិ Sepang International Circuit ដើម្បីចូលរួមទស្សនាការប្រកួតប្រណាំងរថយន្ត Formula 1 ចុងក្រោយនៅលើទឹកដីរបស់ខ្លួន នៃប្រទេសម៉ាឡេស៊ី។
ជាការកត់សម្គាល់ ថ្ងៃចុងក្រោយនៃការប្រកួតប្រណាំរថយន្ដកម្រិតពិភពលោក បានចេញជាចំណងជើងមួយថា «ពាក្យថាលាហាក់ដូចជាពាក្យដែលពិបាកបំផុត» នៅលើវេបសាយ thestar។
សំនេរក្នុងអត្ថបទដដែលបានសរសេរថា មិនត្រឹមតែអ្នកគាំទ្រចំនួន ១១០,៦០៤ នាក់ប៉ុណ្ណោះទេ ដែលពិបាកនិយាយពាក្យថាលានេះ ខណៈអ្នកបើកបររថយន្ត F1 ក៏ដូចគ្នាដែរ។
ជើងឯក៣សម័យកាល Formula 1 និងជាសមាជិកក្រុម Mercedes-AMG Petronas កីឡាករ Lewis Hamilton មានការសោកស្តាយដែលវាក្លាយជាការប្រណាំងចុងក្រោយរបស់គាត់នៅ Sepang ដោយគេបន្ថែមថា ខ្លួនមានការចងចាំល្អៗជាច្រើននៅទីនេះ។
Lewis បាននិយាយថាចំនួនមនុស្សដ៏ច្រើនកុះករចាប់តាំងពីថ្ងៃព្រហស្បតិ៍គឺ «អស្ចារ្យ»។ សម្ដីរបស់ Lewis Hamilton ដែលត្រូវបានស្រង់ដោយ thestar។
Lewis Hamilton បានបន្ថែមថា «នេះគឺជាចំនួនអ្នកគាំទ្រច្រើនបំផុតដែលខ្ញុំបានឃើញក្នុងរយៈពេល១០ឆ្នាំ របស់ខ្ញុំនៅថ្ងៃអាទិត្យនេះ»។
ក្នុងចំណោមអ្នកគាំទ្រដែលបានចូលរួមទស្សនាក្នុងការប្រណាំង Harjinder Kler អាយុ៤១ឆ្នាំ ដែលបានទិញសំបុត្រទៅអោយក្មួយប្រុសរបស់នាងជាកាដូបញ្ចប់ការសិក្សា ដើម្បីទស្សនា Grand Prix។
«ខ្ញុំធ្លាប់ចង់នាំយកគាត់ទៅទស្សនា F1 Grand Prix ក្នុងឆ្នាំ២០០៥ ប៉ុន្តែខ្ញុំមិនអាចទិញសំបុត្របានទេ។ ខ្ញុំអរគុណដែលពួកគេបានលក់សំបុត្រក្នុងតម្លៃថោកនៅឆ្នាំនេះ»។ នាងបន្ថែម។
«ខ្ញុំពិតជាសោកស្តាយដែលនេះនឹងក្លាយជា F1 Grand Prix ចុងក្រោយនៅទីនេះ»។ នាងបានសោកសៅ។
យ៉ាងណាមិញថ្ងៃចុងក្រោយនៃការប្រកួតប្រណាំងរថយន្ដកម្រិតពិភពលោក 2017 Formula One World Championship ដែលធ្វើឡើងនៅម៉ាឡេស៊ី នៅក្នុងដំណាក់កាលទី១៥ ជើងឯកគឺបានទៅលើ កីឡាករ Max Emilian Verstappen ខណៈ Lewis Hamilton បានត្រឹមលេខ២ និងលេខ៣បានទៅលើ Daniel Joseph Ricciardo។
គួរបញ្ជាក់ថា ម៉ាឡេស៊ី ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតនេះនឹងត្រូវបញ្ចប់ ដោយគណៈរដ្ឋមន្រ្តីរបស់ម៉ាឡេស៊ី បានមើលឃើញពីផលចំណេញត្រឡប់មកវិញគឺទាបជាងសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ បើប្រៀបធៀបទៅនឹងតម្លៃនៃការឈ្នះជើងឯក៕
រូបភាព: thestar