ការកើនឡើងនៃភ្នាក់ងារកីឡាករអត់ពាក់មីដែលកំពុងតែដំណាងឲ្យកីឡាករក្នុងស្រុកលេងក្នុងក្របខណ្ឌ M-League កំពុងតែធ្វើឲ្យរដ្ឋបាលកីឡាបាល់ទាត់ម៉ាឡេស៊ីឈឺក្បាលជាខ្លាំង។
ភ្នាក់ងារកីឡាករទាំងនេះ មិនបានចុះបញ្ជីពីសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីនោះឡើយ ដែលពេលខ្លះធ្វើឲ្យបញ្ហាដល់កីឡាកររបស់ខ្លួនដែលធ្វើជាតំណាង។ ភ្នាក់ងារអត់អាជ្ញាប័ណ្ណខ្លះបានបន្សល់ទុកបញ្ហាជាច្រើន ពិសេសធ្វើឲ្យមានការយឺតយ៉ាវឬក៏ការមិនបើកប្រាក់ខែដល់កីឡាករដែលលេងឲ្យក្លឹបរបស់ពួកគេ។
ពួកគេយកកីឡាករទៅធ្វើជាពាណិជ្ជកម្មរយៈពេលខ្លី ហើយយកលុយភាគរយរបស់ខ្លួនទៅបាត់ ទុកឲ្យក្លឹបនឹងកីឡាករមានបញ្ហាផ្សេងៗ ពិសេសបញ្ហាកុងត្រានេះតែម្ដង។ ភាគច្រើនភ្នាក់ងារទាំងនេះដើរអុកឡុកក្នុងលីកកំពូលម៉ាឡេស៊ី។
លោក Hafizan Halim ជាប្រធានភ្នាក់ងារកីឡាកររបស់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី ហើយក៏ជាភ្នាក់ងារកីឡាករដែរនោះបាននិយាយថា អ្នកដែលចង់ធ្វើជាតំណាងឲ្យកីឡាករត្រូវតែមានអាជ្ញាប័ណ្ណត្រឹមត្រូវដូចដែលបានចែងក្នុងច្បាប់និងបទបញ្ជារបស់ FIFA។
“ភ្នាក់ងារក្នុងស្រុក និងបរទេសទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណដែលបានចុះបញ្ជីពី FAM។ ជនបរទេសដែលមានអាជ្ញាប័ណ្ណភ្នាក់ងារកីឡាករក្នុងប្រទេសរបស់ខ្លួនក៏ត្រូវតែសុំអាជ្ញាប័ណ្ណមួយទៀតពីសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីដែរ”។
“ ភ្នាក់ងារក្នុងស្រុកត្រូវតែបង់លុយ១ម៉ឺនរីងហ្គីត សម្រាប់អាជ្ញាប័ណ្ណភ្នាក់ងារក្នុងរយៈពេលមួយឆ្នាំ ខណៈជនបរទេសត្រូវបង់៥ម៉ឺនរីងហ្គីត” Hafizan បានបញ្ជាក់បន្ត។
ភ្នាក់ងារមួយចំនួនមិនហ៊ានមកសុំសិទ្ធពី FAM ទេ ព្រោះគេអត់អាជ្ញាប័ណ្ណហើយភ្នាក់ងារកីឡាករដែលចុះបញ្ជីពេញលេញជាភ្នាក់ងារកីឡាករពេញសិទ្ធមិនលើសពី៥នាក់ទេ ដែលមានឈ្មោះក្នុងបញ្ជីរបស់សហព័ន្ធ។
បច្ចុប្បន្នមានភ្នាក់ងារសញ្ជាតិម៉ាឡេស៊ី៦១២នាក់ និងជនជាតិផ្សេង១០៨នាក់ដែលបានគេដឹងថាកំពុងគ្រប់គ្រងកីឡាករក្នុងលីកកំពូលម៉ាឡេស៊ី៕