គ្រូ​បង្វឹក​ក្លឹប​ Pahang FA លោក Dollah Selleh នៅ​តែ​កំពុង​ស្វែង​រក​កីឡាករ​បរទេស​២​រូប​ទៀត​ ដើម្បី​ប្រកួត​ប្រជែង​ពាន​Malaysia Super League រដូវ​កាល​ថ្មី។

អតីត​កីឡាករ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​ដែល​ឡើង​ជា​គ្រូ​បង្វឹក​រូប​នេះ ​សង្ឃឹម​ថា​នឹង​រក​បាន​មុន​ពេល​ ក្លឹប​របស់​ខ្លួន​(Pahang FA)លេង​ប្រកួត​ដំបូង​ក្នុង​លីក​ជាមួយ​នឹង​ក្លឹប ​Perak នៅ​ថ្ងៃ​ទី​៤​កុម្ភៈ​ឆ្នាំ​២០១៨។ ក្លឹប​មាន​មូលដ្ឋាន​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ ទើប​តែ​រក​បាន​កីឡាករ​បរទេស​៣​នាក់​ប៉ុណ្ណោះ​ គឺ​កីឡាករ​សញ្ជាតិ​សិង្ហបុរី​​ Safuwan Baharudin លេង​ក្នុង​ដំណែង​ការពារ​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គំប៊ី​ Mohamodou Sumareh និង​ចាន់ វឌ្ឍនាកា​របស់​កម្ពុជា។

      ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គំប៊ី​ Mohamodou Sumareh 

Pahang FA សង្ឃឹម​ថា​នឹង​អាច​រក​កីឡាករ​ល្អ​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Matheus Alves ដែល​ជា ​Top Scorer របស់​ក្លឹប​កាល​ពី​រដូវ​កាល​មុន ​​ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​បាល់​យល់ព្រម​ចរចា​កិច្ច​សន្យា​ថ្មី​នោះ​ទេ។ Alves ពេល​នេះ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Sowon FC លេង​ក្នុង​ក្របខ័ណ្ឌ​ K-League Challenge។

                                    កីឡាករ​សញ្ជាតិ​សិង្ហបុរី​​ Safuwan Baharudin លេង​ក្នុង​ដំណែង​ការពារ​

និយាយ​ក្នុង​កាសែត​ក្នុង​ស្រុក​មួយ​លោក Dollah ដែល​ទើប​តែ​រួច​ពី​ការ​ជាប់​ពិន័យ​របស់ ​AFC ពី​បទ​កំណត់​លទ្ធផល​ការ​ប្រកួត​ កាល​លោក​នៅ​ជា​មន្ត្រី​សហព័ន្ធ​បាល់ទាត់​អាស៊ី​បាន​និយាយ​ថា ​លោក ត្រូវ​ការ​កីឡាករ​បរទេស​ដែល​លេង​ក្នុង​ដំណែង​ការពារ​មួយ ​នឹង​ប្រយុទ្ធ​ម្នាក់​ទៀត។

“​យើង​បាន​កំណត់​អត្តសញ្ញាណ​កីឡាករ​បរទេស​២​ទៅ​៣​នាក់​ហើយ​ប៉ុន្តែ​ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​ដើម្បី​សម្រេច​ចិត្ត​លើ​រឿង​នេះ។​ប្រសិន​បើ​គ្រប់​យ៉ាង​ដំណើរ​ការ​ល្អ​ កីឡាករ​បរទេស​​នឹង​មក​ដល់​ក្លឹប​ចុង​សប្ដាហ៍​នេះ​ហើយ​”។

Pahang នឹង​ក្លាយ​ជា​ក្រុម​ថ្មី​មួយ​ក្រោយ​ពេល​កីឡាករ​ចាស់​ដែល​លេង​ក្នុង​ឆ្នាំ​មុន​ចាក​ចេញ​ដល់​ទៅ​១០​នាក់។ ” កាល​ពី​ឆ្នាំ​មុន​យើង​មាន​កីឡាករ​ល្អៗ​ប៉ុន្តែ​ឆ្នាំ​នេះ​យើង​បាន​សម្រេច​ចិត្ត​ដំឡើង​កីឡាករ​វ័យ​ក្មេង​របស់​យើង​ច្រើន។​ យើង​មិន​ចាំ​បាច់​ប្រៀប​ធៀប​កីឡាករ​ជាមួយ​នឹង​ក្រុម​ដទៃ​ទៀត​ទេ​ ហើយ​កីឡាករ​យើង​បច្ចុប្បន្ន​ កំពុង​ធ្វើ​ការ​ធ្ងន់​ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​ធ្វើ​បាន​ដូច​ពី​មុន”

ក្នុង​ចំណោម​កីឡាករ​ទិញ​ចូល​ទាំង​អស់​ក៏​មាន​ វឌ្ឍនាកា​មួយ​ដែរ​ហើយ​គ្រូ​បង្វឹក​រូប​នេះ​និយាយ​ថា​កីឡាករ​ខ្មែរ​រូប​នេះ​គឺ​ជា​ករណី​មួយ​ផ្សេង​ទៀត​ប៉ុន្តែ​ចាំ​បាច់​ធ្វើ​ការ​ធ្ងន់​ដើម្បី​រក្សា​ភាព​មាំមួន​ឡើង​វិញ។

“​វឌ្ឍនាការ​មាន​សមត្ថភាព​ពិសេស​ គាត់​គឺ​ពិត​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់ ​ក្នុង​តំបន់​អាស៊ាន​ហើយ​យើង​ពិត​ជា​សំណាង​ដែល​មាន​គាត់​នៅ​ទី​នេះ។ គាត់​មិន​ទាន់​រឹងមាំ​គ្រប់​គ្រាន់​ពេល​មក​ដល់​ទី​នេះ​ ប៉ុន្តែ​យើង​គួរ​តែ​យល់​ហើយ​ដែល​កីឡាករ​ខាន​លេង​ជិត​មួយ​ឆ្នាំ​​នឹង​មាន​សភាព​បែប​នេះ“៕