អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកថៃ លោក Charouck Arirachakaran បានអំពាវនាវឱ្យមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុង សហព័ន្ធកីឡាហែលទឹក និងអត្តពលកម្ម ក្រោយពីការប្រកួតកីឡារបស់ពួកគេនៅក្នុងការប្រកួត SEA Games លើកទី២៩ នៅទីក្រុង Kuala Lumpur ពុំសូវទទួលបានជោគជ័យ។
នៅចាំបានថា សហព័ន្ធកីឡាអត្តពលកម្មថៃ និងសហព័ន្ធកីឡាហែលទឹកថៃ បានសន្យាថានឹងឈ្នះមេដាយមាសចំនួន១៤គ្រឿង និងមេដាយមាសចំនួន៥គ្រឿងរៀងៗខ្លួនមុនព្រឹត្តិការណ៍នេះមកដល់ ប៉ុន្តែសរុបមកថៃបានទទួលមេដាយមាសត្រឹមតែ៧២ ដោយនៅខ្វះរហូតដល់ចំនួន៤៨មេដាយ ក្នុងចំនោម១២០មេដាយដែលត្រូវបានព្យាករណ៍ដោយអាជ្ញាធរកីឡានៃប្រទេសថៃ។
លោក Charouck សម្ដែងការខកចិត្តបំផុតជាមួយនឹងកីឡាហែលទឹក និងអត្តពលកម្ម ហើយបាននិយាយថាស្ថាប័នគ្រប់គ្រងកីឡាទាំងពីរនេះត្រូវការកែលម្អការគ្រប់គ្រងរបស់ពួកគេចំពោះអត្តពលិករបស់ពួកគេខណៈដែលគ្រូបង្វឹកត្រូវការការយកចិត្តទុកដាក់បន្ថែមទៀតទៅលើការហ្វឹកហាត់របស់ពួកគេ។
លោកបានបន្ថែមថា វាហាក់ដូចជាមិនមែនជារឿងសប្បាយរីករាយទេសម្រាប់ថៃនៅពេលដែលប្រទេសម៉ាឡេស៊ីទទួលបានមេដាយមាសរហូតដល់ចំនួន១៤៥គ្រឿង និងឈរលើគេ។
គួររំលឹកថា អត្តពលិកថៃ រកបានមេដាយសរុបចំនួន២៤៦គ្រឿង ក្នុងនោះមេដាយមាស៧២គ្រឿង ប្រាក់៨៦ និងសំរឹទ្ធ៨៨ ឈរនៅលេខ២បន្ទាប់ពីម្ចាស់ផ្ទះ ម៉ាឡេស៊ី រកមេដាយមាសបានរហូតដល់១៤៥គ្រឿង ប្រាក់៩២ និងសំរឹទ្ធ៨៦ សរុប៣២៣មេដាយ៕
រូបភាព: thenations