ក្លឹបបាល់ទាត់ ILocos United បានប្រកាសកាលពីម្សិលមិញថា បានសម្រេចចិត្តដកខ្លួនចេញពីលីកកំពូលបាល់ហ្វីលីពីន(Philippine Football League (PFL) សម្រាប់រដូវកាល២០១៨នេះហើយ។
បន្ទាប់ពីពិភាក្សាគ្នាអស់ជាច្រើនខែ ការស្វែងរកអ្នកឧបត្ថម្ភសម្រាប់ក្លឹបត្រូវបរាជ័យ ស្របពេលដែលក្លឹបមិនមានលុយសម្រាប់ចូលរួមការប្រកួតរដូវកាល២០១៨ខាងមុខនេះផងនោះ។ ចំណុចពិសេសមួយទៀតគឺខ្វះខាតបណ្ដាញផ្សព្វផ្សាយក្នុងការប្រកួតនៅឆ្នាំ ២០១៧ ដើម្បីទាក់ទាញអ្នកគាំទ្រ ទីបំផុតធ្វើឲ្យពួកគេត្រូវដកខ្លួនទាំងអាល័យ។
ទាំងក្លឹប កីឡាករ គ្រូបង្វឹកនិងបុគ្គលិករួមទាំងប្រព័ន្ធគ្រប់គ្រងក្លឹបទាំងអស់ បានបង្ហាញការថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ក្នុងប្រទេស សម្រាប់អ្នកគាំទ្រដ៏ក្លៀវក្លានិងឥតឈប់ឈរក្នុងយុទ្ធការកាលពីឆ្នាំ ២០១៧។ តែយ៉ាងណា! ក្លឹបខាងលើបានសន្យាថា នឹងមកចូលរួមវិញសម្រាប់រដូវកាល២០១៩ ដោយបង្ហាញការផ្សព្វផ្សាយ និងរកដៃគូឧបត្ថម្ភប្រកបដោយសក្ដានុពលគួរឲ្យមានទំនុកចិត្តខ្ពស់។ ទោះបីឈប់ចូលរួមប្រកួត ក្នុងលីកប៉ុន្តែការអភិវឌ្ឍន៍យុវជន ការបង្វឹក បាល់ទាត់ហ្វូតសាលនារី និងបន្តធ្វើ Football Clinic តាមសាលារៀនក្នុងតំបន់ដដែល។
សូមបញ្ជាក់ផងដែរថា Ilocos United គឺជាក្រុមកម្រិតអន់មួយនៃ លីកកំពូលហ្វីលីពីនកាលពីឆ្នាំ ២០១៧ដោយឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម២៨ប្រកួតបញ្ចប់ ដោយទទួលបាន១៣ពិន្ទុឈរ៧ក្នុងតារាងលីកក្នុងចំណោម៨ក្រុម ខណៈក្លឹប Davao Aguilas ឈរបាតតារាង។
ករណីនេះមានន័យថា ក្លឹបលេងក្នុងលីកកំពូលហ្វីលីពីននឹងនៅសល់តែ៦ក្រុមប៉ុណ្ណោះ សម្រាប់រដូវកាល២០១៨នេះក្រោយកាលពីប៉ុន្មានសប្ដាហ៍មុន ក្រុម Meralco បានប្រកាសដកខ្លួនដោយសារបញ្ហាហិរញ្ញវត្ថុដូចគ្នា។ វាពិតជាស្ថានភាពនៃការដើរថយក្រោយរបស់វិស័យបាល់ទាត់ហ្វីលីពីនហើយ៕