គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ លោក Nguyen Huu Thang បានប្រកាសសម្រេចលាលែងពីតំណែងភ្លាមៗ ក្រោយដឹកនាំកូនក្រុមចាញ់ថៃ ៣ទល់០ ក្នុងការប្រកួតចុងក្រោយ និងធ្លាក់ចេញពី SEA Games 29th។
លោក Nguyen Huu Thang បានប្រកាសជាផ្លូវការនៅក្នុងសន្និសិទសារពត៌មានក្រោយចប់ការប្រកួតចាញ់ថៃ ថារូបលោកផ្ទាល់ត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង លោកថែមទាំងសំណូមពរអ្នកសារព៍ត៌មានទាំងអស់កុំទម្លាក់កំហុស រឺដាក់សម្ពាធ ទៅលើកីឡាកររបស់លោក ត្បិតការចាញ់ថៃ ថ្ងៃនេះវាជាកំហុសរបស់លោក។
ការដឹកនាំ៥ ប្រកួតរបស់ លោក Nguyen Huu Thang នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games គឺធ្វើបានយ៉ាងល្អនៅ៣ប្រកួតដំបូង ដោយឈ្នះ៣ប្រកួតជាប់ៗគ្នា ខណៈ២ប្រកួតចុងក្រោយ ស្មើជាមួយ ឥណ្ឌូនេស៊ី និងចាញ់ថៃ ដែលជាហេតុនាំអោយជ្រុះចេញពីកម្មវិធី ក្នុងនាមជាក្រុមលេខ៣ក្នុងពូល B។
រំលឹកថា លោក Nguyen Huu Thang បានចូលមកកាន់តំណែងជាគ្រូបង្វឹកនៃក្រុមជាតិវៀតណាម ឈុតធំ តាំងពីដើមឆ្នាំ២០១៦ ជាមួយនឹងកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាម ត្បិតកិច្ចសន្យារបស់លោកនៅសល់៧ខែទៀតទើបបញ្ចប់៕
រូបភាព: vff