គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំឥណ្ឌូនេស៊ី លោក Indra Sjafri បានបង្ហើបអោយដឹងថា កីឡាករ Egy Maulana Vikri ត្រូវបានទាក់ទាញការយកចិត្តទុកដាក់ពីក្លិបធំ ៗ ជាច្រើននៅទ្វីបអឺរ៉ុប។

លោក Indra បាននិយាយប្រាប់កាសែត Jakarta Globe កាលពីថ្ងៃសុក្រថា៖ «គាត់មានឱកាសច្រើនណាស់ក្នុងការចូលរួមក្លឹបនៅទ្វីបអឺរ៉ុបប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកបានច្រើនជាងនេះទេ»។

«ខ្ញុំចង់អោយគាត់លេងនៅក្រៅប្រទេសជាជាងក្លិបក្នុងស្រុក។ រូបគេនឹងក្លាយជាការលើកទឹកចិត្តមួយសម្រាប់កីឡាករវ័យក្មេងដទៃទៀត»។ លោក Indra បន្ថែម។

Egy បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់វ័យក្មេងនៅក្លិប SSB Tasbi Medan ។ កីឡាករវ័យ១៧ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ ខណៈពេលដែលកំពុងលេងឱ្យ ក្លិប SSB Tasbi នៅក្នុងព្រឹត្តិការណ៍ U-12 Championship របស់ឥណ្ឌូណេស៊ីក្នុងឆ្នាំ២០១២ ដែលបានក្លាយទៅជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ និងជួយក្រុមឈ្នះជើងឯក។

ក្នុងឆ្នាំ ២០១៧ នៃពានរង្វាន់ AFF U-18 Championship កីឡាករ Egy នាំបាននាំឱ្យក្រុម Young Garudas បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ខណៈដែល Egy ក៏បានក្លាយជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៃការប្រកួតជាមួយនឹងគ្រាប់បាល់៨គ្រាប់ផងដែរ។

នៅក្នុងខែមិថុនា Egy បានឈ្នះពានរង្វាន់ជាលក្ខណៈបុគ្គល Jouer Revelation Trophy នៅឯការប្រកួត Toulon Tournament នាប្រទេសបារាំង ជាពានដែលកីឡាករល្បី២រូប រួមមាន Cristiano Ronaldo និង Zinedine Zidane ធ្លាប់ឈ្នះកាលពីនៅជាយុវជនដូចគ្នាផងដែរ។

ចាំបានថា យុវជននៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី វ័យ១៧ឆ្នាំ កីឡាករ Egy Maulana Vikri ត្រូវបានពត៌មានចចាមអារាមមួយបានលើកឡើងថា  មានក្លិបនៅអ៊ឺរ៉ុបចំនួន៣ចង់បានយករូបគេទៅរួមជាមួយក្លិបរៀងៗខ្លួនដោយមិនចាំបាច់ធ្វើតេស្តសមត្ថភាព ដែលរួមមានដូចជា AS Monoco នៅលីគកំពូលបារាំង, Espanyol B នៅអេស៉្បាញ់ និង Inter Milan នៅអ៊ីតាលី៕

 

ចូលអាន: ល្បីថា យុវជនឥណ្ឌូនេស៊ី មួយរូបនេះ មានក្លិបនៅអ៊ឺរ៉ុប៣ចង់បានយកទៅរួមក្លិបដោយមិនចាំបាច់ធ្វើតេស្ត

ចូលអាន: ឪពុកកីឡាករឥណ្ឌូនេស៊ីដែលមានក្លិបនៅអឺរ៉ុប៣ចង់បានរូបនេះ ខឹងនៅពេលដែលគេហៅកូនរបស់ខ្លួនថា MESSI INDONESIA

 

រូបភាព: bola.kompas