ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ​ត្រូវ​បាន​ក្រុម​មក​ពី​អាស៊ី​កណ្ដាល​កៀហ្ស៊ីស៊ីស្ថាន ​ស៊ី​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល​ដល់​ទៅ​៥​ទល់​១​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup ជុំ​ចុង​ក្រោយ​នៅ​មុន​នេះ​បន្តិច។

ចូល​វគ្គ​ទី​មួយ​លេង​បាន​ត្រឹម​២​នាទី​កីឡាករ Islam Shamshiev រក​បាន​មួយ​គ្រាប់​ឲ្យ​ កៀហ្ស៊ីស៊ីស្ថាន ​ហើយ​បី​នាទី​ក្រោយ​មក​ពោល​គឺ​នាទី​ទី​៥​ Anton Zemlyanukhin បន្ថែម​គ្រាប់​បាល់​នាំ​មុខ​មួយ​គ្រាប់​ទៀត​ ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​ចប់​វគ្គ។

ចូល​វគ្គ​ទី​២​ក្រុម​មួយ​នេះ​ បាន​វាយ​សម្រុក​ទៅ​លើ​មីយ៉ាន់ម៉ា​ដូច​ទឹក​បាក់​ទំនប់​ ហើយ​ក៏​រក​បាន​៣​គ្រាប់​បន្ថែម​ដោយ​កីឡាករ Anton Zemlyanukhin​នៅ​នាទី​៦៣​, Vitalij Luxនាទី​៧៤​  និង Bekzham Sagynbaev នាទី​៨៨។ កីឡាករ​ Htet Kyae Zin រក​បាន​មួយ​គ្រាប់​ជា​រង្វាន់​លួង​ចិត្ត​ឲ្យ​ជម្រើស​ជាតិ​ទៅ​ពី​អាស៊ាន។

លទ្ធផល​នេះ​ក្រុម​ កៀហ្ស៊ីស៊ីស្ថាន​ បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​ចែក​ពូល​ផ្ដាច់​ព្រ័ត្រ ​AFC Asian Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​បាល់​ទាត់​របស់​ខ្លួន នៅ​អេមីរ៉ាតអារ៉ាប់រួម​ខណៈ​មីយ៉ាន់ម៉ា​អស់​ឱកាស​ត្រឹម​នេះ។ ប្រកួត​ក្រោយ​មីយ៉ាន់ម៉ា​ ត្រូវ​ជួប​ក្រុម​បាត​តារាង​ម៉ាកាវ​នៅ​ថ្ងៃ​ទី​២៧​ក្នុង​ទឹក​ដី​ខ្លួន​ឯង៕