លីគម៉ាឡេស៊ី ទាំងលីគកំពូល និងលីគទី២ រដូវកាលក្រោយ នឹងត្រូវបានអនុញ្ញាតិអោយមានកីឡាករក្នុងតំបន់អាស៊ានម្នាក់ក្នុងក្រុម ក៏ប៉ុន្តែកីឡាករអាស៊ាននោះត្រូវតែជាកីឡាករដែលធ្លាប់ជាប់ជម្រើសជាតិតាមពន្ដាប្រទេសក្នុងតំបន់អាស៊ានរៀងៗខ្លួន។
នេះបើយោងតាមការលើកឡើងរបស់ ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី អង្គម្ចាស់ Tunku Ismail Sultan Ibrahim ដែលបានប្រកាសពីការផ្លាស់ប្ដូរលក្ខន្តិកៈសម្រាប់លីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) និងលីគលំដាប់ទីពីរ ( Malaysia Premier League ) នៅរដូវកាលក្រោយនេះ។
លក្ខន្តិកៈថ្មីនេះបានបង្ហាញថា ក្រុមនីមួយៗត្រូវបានអនុញ្ញាតអោយមានកីឡាករបរទេសបានចំនួន៥រូប ប៉ុន្តែក្នុងចំណោម៥នាក់នោះ ត្រូវតែមានកីឡាករអាស៊ានម្នាក់។
ការផ្លាស់ប្ដូរនេះ ខុសពីពេលបច្ចុប្បន្ន ដែលក្រុមនីមួយៗ អាចមានកីឡាករបរទេសត្រឹមតែ ៤នាក់ប៉ុណ្ណោះ។
បែបនេះក្ដី កីឡាករអាស៊ានមួយរូបនោះ ត្រូវតែជាកីឡាករជម្រើសជាតិ ដែលធ្លាប់បង្ហាញខ្លួនអោយក្រុមជម្រើសជាតិរបស់ខ្លួនបានយ៉ាងហោចណាស់៣០ដង ដើម្បីធ្វើអោយលីគមានប្រសិទ្ធភាព និងគួរអោយទាក់ទាញ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានបន្ថែមថា ច្បាប់នេះមិនមែនជាការបង្ខិតបង្ខំឲ្យក្រុមនីមួយៗ អនុញ្ញាតតាមនោះទេ ពោលគឺពួកគេនៅតែអាចអនុវត្តគោលការណ៍កាលពីរដូវកាលចាស់បានដដែល៕
រូបភាព: zainuddinmamat & theviralsite