ប្រទេសម៉ាឡេស៊ី ដែលជាមូលដ្ឋានកណ្ដាលនៃសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នឹងទទួលរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 វគ្គខ្វែងយកកៅអីចុងក្រោយ ឡើងទៅប្រកួតនៅប្រទេសរូស្សី រវាង ស៊ីរី ជាមួយ អូស្រ្តាលី។

តាមគម្រោង ស៊ីរី នឹងយកប្រទេសម៉ាឡេស៊ី ធ្វើជាទឹកដីបណ្ដោះអាសន្ន សម្រាប់ការប្រកួតជើងទី១របស់ខ្លួន ដែលធ្វើឡើងនៅលើកីឡដ្នាន Hang Jebat Stadium នារដ្ឋ Melaka ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។

ក្រុមជម្រើសជាតិស៊ីរី ដែលជាក្រុមមិនដែលចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup បានប្រកួតជម្រុះក្នុងផ្ទះរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពី FIFA បានហាមឃាត់ពួកគេមិនឱ្យរៀបចំការប្រកួតនៅក្នុងប្រទេសខ្លួនដែលហែកហួរដោយសារសង្គ្រាមផ្ទៃក្នុង។

គួរបញ្ចាក់ថា ស៊ីរី គឺជាក្រុមដែលឈរនៅលេខ៣ប្រចាំពូល A ស្របពេលអូស្រ្តាលី ជាក្រុមដែលឈរនៅលេខ៣ ពូល B។

ក្រោយការប្រកួតនេះ ក្រុមទាំង២នឹងត្រូវជួបគ្នាម្ដងទៀតនៅជើងទី២ ដែលធ្វើឡើងនៅទឹកដីនៃប្រទេសអូស្រ្តាលីវិញម្ដង ក្រុមដែលទទួលជ័យជម្នះក្នុងការប្រកួតទាំងពីរជើង នឹងត្រូវឡើងទៅប្រកួតវគ្គជម្រុះបន្ត ជាមួយនឹងក្រុមលេខ៤ មកពីក្រុមអាមេរិកខាងជើង និងអាមេរិកកណ្តាល។

ក្រុមដែលឈ្នះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានកៅអីមួយជាមួយក្រុមចំនួន ៣២ ចុងក្រោយសម្រាប់ការប្រកួត World Cup នៅឆ្នាំក្រោយ នាប្រទេសរុស្ស៊ី៕

 

រូបភាព: commons.wikimedia