លោក Imam Nahrawi រដ្ឋមន្រ្តីក្រសួងកីឡាឥណ្ឌូនេស៊ី កំពុងពិចារណាលើការរៀបចំរចនាសម្ព័ន្ធការងាររបស់ក្រសួង និងអនុក្រឹត្យ បន្ទាប់ពីមានការវាយតម្លៃយ៉ាងហ្មត់ចត់ ក្រោយពីទម្រង់នៃការប្រកួតធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ឥណ្ឌូនេស៊ីនៅក្នុងព្រឹត្តិការណ៍ SEA Games នៅប្រទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុន។
ប្រទេសឥណ្ឌូនេស៊ីបានបញ្ចប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះដោយបានត្រឹមចំណាត់ថ្នាក់លេខ៥ ដោយរកបានមេដាយមាសចំនួន៣៨ ប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតដែលឥណ្ឌូនេស៊ី ធ្លាប់បានឆ្លងកាត់ក្នុងព្រឹត្តិការណ៍ SEA Games ចាប់តាំងពីឆ្នាំ១៩៧៧មក។
លោក Imam បានសម្ដែងនូវការសុំទោស ចំពោះទម្រង់លេងរបស់អត្តពលិករបស់ខ្លួន ក្នុងកីឡា SEA Games នៅឆ្នាំនេះ ហើយបានទទួលយកការទទួលខុសត្រូវដ៏ធំធេងមួយនេះ ចំពោះលទ្ធផលនៃភាពទន់ខ្សោយរបស់ប្រទេស។
រដ្ឋមន្រ្តីដដែលរូបនេះ បានសារភាពថាគាត់មិនមានការយល់ច្បាស់ពីតួនាទីជាក់លាក់ដែលភ្នាក់ងារទាំងនោះបានបង្ហាញ ហើយរបៀបរបស់ពួកគេខុសគ្នាទៀតផង។
«រហូតមកដល់ពេលនេះខ្ញុំមិនទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយមួយដើម្បីច្រានចោលភ្នាក់ងារណាមួយដែលរួមមាន Satlak Prima បុគ្គលិកទាំងអស់នឹងត្រូវវាយតម្លៃរួមទាំងនិយោជកក្រសួងកីឡាប្រសិនបើស្ថានប័នទាំងនោះមានភារកិច្ចត្រួតស៊ីគ្នាយើងនឹងកាត់ចោល»។ សម្ដីលោក Imam។
លោកបានបន្ថែមថា «វានឹងមានការផ្លាស់ប្តូរដ៏ធំមួយ»។
លោក Imam បានបន្តថា «យើងមិនទាន់បានបញ្ចប់ការវាយតម្លៃនៃទម្រង់លេងរបស់យើងនៅឯកីឡាស៊ីហ្គេម ជាមួយប្រធានាធិបតី Joko Jokowi Widodo និងក្រសួងសំរបសំរួលការអភិវឌ្ឍធនធានមនុស្សនិងវប្បធម៌ នៅឡើយទេ» ។
«នេះគឺជាពេលវេលាដើម្បីធ្វើឱ្យកីឡាដែលជាអាទិភាពជាតិ ដោយក្នុងនោះភាគីពាក់ព័ន្ធដទៃទៀតគួរតែផ្តល់ការគាំទ្របន្ថែមទៀតរួមទាំងក្រសួងដទៃទៀត»។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី បានបញ្ចប់ការប្រកួតនៅក្នុងកីឡា SEA Games 2017 ដោយស្ថិតនៅចំណាត់ថ្នាក់លេ៥ ដោយរកមេដាយមាសបានតែ៣៨មេដាយមាស ប្រាក់៦៣ និងសំរឹទ្ធ៩០ ខណៈចំនាត់ថ្នាក់នេះក៏ឥណ្ឌូនេស៊ី ទើបតែទទួលបានដូចគ្នាកាលពីឆ្នាំ២០១៥ SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី។
រូបភាព: jakartaglobe & Bola