កីឡាករខ្សែប្រយុទ្ធកូនកាត់ឥណ្ឌូនេស៊ី ហូឡង់ Ezra Walian បានរកឃើញទ្រនំថ្មីរបស់ខ្លួននៅលីគលំដាប់ទី២ហូឡង់ បន្ទាប់ពីដំណឹងនៃការចូលរួមជាមួយក្លិបញញួរធំ West Ham ដែលប្រកបអាជីពនៅលីគកំពូលអង់គ្លេស រងបរាជ័យ។

ត្បិតមិនអាចចូលរួមជាមួយក្លិបញញួរធំ West Ham យ៉ាងណាមិញ Ezra Walian បានចូលរួមជាមួយក្លិប Almere City ដែលជាក្លិបកំពុងប្រកបអាជីពនៅលីគលំដាប់ទី២ហូឡង់ ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។

ការចុះកិច្ចសន្យានេះត្រូវបានប្រកាសជាផ្លូវការ នៅលើវិបសាយផ្លូវការរបស់ក្លិប Almere City នេះផ្ទាល់តែម្ដង ខណៈឪពុករបស់កីឡាកររូបនេះបានបង្ហើបថា ការចរចារគឺតាំងពីមុនពេលដែលកីឡាករវ័យ១៩ឆ្នាំ ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games មកម្លេះ។

បច្ចុប្បន្ន Ezra Walian បានបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ U-22 ឥណ្ឌូនេស៊ី ហើយដោយជួយក្រុមបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ខណៈថ្ងៃទី៣១ ខែសីហានេះ Ezra Walian នឹងធ្វើដំណើរត្រលប់ទៅប្រទេសហូឡង់ដើម្បីចូលរួមជាមួយក្លិបថ្មីរបស់ខ្លួន។

គួររំលឹកថា Ezra Walian គឺធ្លាប់បានរួមរស់ជាមួយក្លិប Ajax Amsterdam ( ឈុតបម្រុង ) អស់រយេះពេល៦ឆ្នាំ មុននឹងសម្រេចមិនបន្តកិច្ចសន្យាជាមួយក្លិប ដើម្បីស្វែងរកកៅអីក្នុងក្រុមដែលមានការប្រកួតប្រជែង។

រំលឹកថា កីឡាករ Ezra Walian គឺជាកីឡាករដែលមានដើមកំណើតនៅប្រទេសហូឡង់ និងមានឪពុកជាជនជាតិឥណ្ឌូនេស៊ី។ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ថ្មីៗនេះ រូបគេបានទទួលបានសញ្ជាតិ ឥណ្ឌូនេស៊ី ជាផ្លូវការបន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល៕

 

 

រូបភាព: ajaxdaily.com & Almere City FC