អតីត​ខ្សែ​ប្រយុទ្ធ ​Arsenal និង​Manchester United គឺកីឡាករ Robin van Persie បាន​ពន្យល់​ពី​មូល​ហេតុ​ដែល​រូប​គេ​បដិសេធ​ធ្វើ​ការ​ប្ដូរ​មក​លេង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​ នេះ​បើ​តាម​ប្រភព​ពី​ភ្នាក់​ងារ​របស់​កីឡាករ​និយាយ​ក្នុង​កាសែត​បរទេស​មួយ។

ក្លឹប​ Bali United បាន​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​មួយ​ក្នុង​ការ​ស៊ីញេ​កុង​ត្រា​​យក​កីឡាករ​៣៣​ឆ្នាំ​ មក​លេង​នៅ​អាស៊ីអាគ្នេយ៍​តាម​កូតា​កីឡាករ​បរទេស​ ប៉ុន្តែ​ការ​ពិភាក្សា​ត្រូវ​បាន​បញ្ចប់​ដោយ​សារ​ក្លឹប​លេង​នៅ​លីក​កំពូល​ឥណ្ឌូណេស៊ី​មួយ​នេះ​មិន​អាច​ទទួល​យក​នូវ​ការ​ចង់​បាន​ប្រាក់​ឈ្នួល​របស់​កីឡាករ។

លោក Kees Vos ជា​ភ្នាក់​ងារ​របស់​កីឡាករ​ហុល្លង់​បាន​និយាយ​ក្នុង​ Turki Fotomac ថា​“ Robin van Persie បាន​ទទួល​សំណើ​ពី​ក្លឹប​មួយ​នៅ​ឥណ្ឌូណេស៊ី​ប៉ុន្តែ​គាត់​បាន​បដិសេធ​វា​។ គាត់​ចង់​ត្រឡប់​ទៅ​លេង​នៅ​Feyenood វិញ​ដូច​ជា​អតីត​មិត្ត​រួម​ក្រុម​ Dirk Kuyt”។

“តាម​ពិត​ទៅ​គាត់​ពិចារណា​នឹង​ទទួល​យក​សំណើ​ទៅ​ពី​ក្លឹប​ឥណ្ឌូណេស៊ី​ទៅ​ហើយ​ ប្រសិន​បើ​តម្លៃ​នៃ​ការ​ផ្ទេរ​និង​សំណើ​ប្រាក់​ឈ្នួល​លើស​ពី​៤​លាន​អឺរ៉ូ។ បើ​មិន​អញ្ចឹង​ទេ​គាត់​នៅ​បន្ត​លេង​នៅ​ក្នុង​ Fenerbahce ” លោក​បាន​បន្ត។

Van Persie ​បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​ទួរគី​មួយ​នេះ​ក្រោយ​ពេល​ចាក​ចេញ​ពី​ក្លឹប​Manchester United ក្នុង​កុង​ត្រា​រយៈ​ពេល​៣​ឆ្នាំ​ខណៈ​តម្លៃ​ខ្លួន​មាន​តម្លៃ​៤.៩​លាន​អឺរ៉ូ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៥។

បែប​ណា​ក្ដី​! អតីត​កីឡាករ​កាំភ្លើងធំ Arsenal មួយ​នេះ​បាន​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​កាល​ពី​វ័យ​ជំទង​គឺ​ Feyenoord កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​ក្រោយ​ចេញ​ពី​ក្លឹប​នៅ​លីក​កំពូល​ទួរគី៕