នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បានយល់ព្រម បើកភ្លើងខៀវអោយអាជ្ញាធរកីឡាថៃ ស្នើសុំរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០១៩ SEA Games 2019 ដែលហ្វីលីពីន ទើបតែបោះបង់កាលពីពេលថ្មីៗនេះ។
បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកថៃ ( OCT ) បានប្រកាសថា ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះជំនួស ហ្វីលីពីន បើសិនជារដ្ឋាភិបាលយល់ព្រមលើការសម្រេចនោះ ឥលូវនេះ ត្រូវចេញសម្រេចជាផ្លូវការ ដោយ លោក Prayut Chan-ocha នាយករដ្ឋមន្ត្រីថៃផ្ទាល់ សម្រេចអោយយល់ព្រមរៀបចំព្រឹត្តិការណ៍នេះ។
ឆ្លៀតក្នុងឱកាសនេះ ប្រធានគណៈកម្មាការជាតិអូឡាំពិកថៃ បានលើកឡើងថា ប្រទេសថៃមានសក្តានុពលគ្រប់គ្រាន់ដើម្បីរៀបចំព្រឹត្តិការណ៍នេះ បើទោះបីជានៅសល់តែ២ឆ្នាំទៀតដើម្បីរៀបចំក៏ដោយ។ លោកបន្តថាបច្ចុប្បន្នមានខេត្ត៣ដែលរួចរាល់អាចរៀបចំការប្រកួតខ្នាតធំបាន ដូចជាខេត្ត ឈៀងម៉ៃ, ឈុនបុរី និងសុងក្លា។
ក៏ប៉ុន្តែទោះបីជាយ៉ាងណា ប្រធានគណៈកម្មាការជាតិអូឡាំពិកថៃ ដដែលរូបនេះបានបន្ថែមថាក៏ត្រូវនៅរង់ចាំការសម្រេចពីប្រទេសជាសមាជិកនេះជាមុនសិនបន្តទៀតផងដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានប្រកាសកាលពីពេលថ្មីៗនេះ ពីការបោះបង់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ 30th SEA Games 2019 លើកទី៣០ ឆ្នាំ ២០១៩ ដើម្បីផ្ដោតទៅលើការរៀបចំទីក្រុងឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការប្រយុទ្ធ រវាងកងកម្លាំងសន្តិសុខ ជាមួយពួកសកម្មប្រយុទ្ធឥស្លាម ប៉ុន្តែគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) កំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលរបស់ខ្លួនដើម្បីពិចារណាពីការរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ខណៈមកទល់ពេលនេះនៅមិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។
ចូលអាន: ហ្វីលីពីន បោះបង់សិទ្ធធ្វើម្ចាស់ផ្ទះ SEA Games 2019
ចូលអាន: POC ហ្វីលីពីន ស្នើប្រធានាធិបតី Duterte ពិចារណាក្នុងការបន្តធ្វើម្ចាស់ផ្ទះដដែល
ចូលអាន: ថៃ ចេញមុខត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ SEA GAMES 2019 ប្រសិនបើហ្វីលីពីន បោះបង់ជាផ្លូវការ
រូបភាព: skyscrapercity