កាលពីថ្ងៃទី០៨ ខែកញ្ញា ម្សិលមិញ អ្នកចាត់ការទូទៅដ៏ស្រស់ស្អាត នៃក្រុមជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំ លោកស្រី Watanya Wongopasi បានប្រកាសលាឈប់ពីក្រុមហើយ បន្ទាប់ពីចំនាយពេលជាមួយក្រុមជាងមួយឆ្នាំមក។
ការសម្រេចលាលែងនេះ គឹបន្ទាប់ពីមានការជួបពិភាក្សាគ្នារវាង លោកស្រី ជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompunmuang អស់រយៈពេលប្រហែល៤០នាទីរួចមក។
យ៉ាងណាមិញមូលហេតុនៃការលាលែងពីតំណែងនេះ គឺដោយសារសហព័ន្ធកីឡាបាល់ទាត់ថៃបន្តគោលការណ៍របស់ខ្លួនក្នុងការបញ្ចប់នូវប្រពៃណីនៃការតែងតាំងមន្រ្តីដែលមិនមែនជាអ្នកបច្ចេកទេស បានសេចក្ដីថាក្រុមបាល់ទាត់ជម្រើសជាតិថៃនឹងលែងមានអ្នកចាត់ការទូទៅតទៅទៀតហើយ ពោលគឺមានតែគ្រូបង្វឹកប៉ុណ្ណោះ។
គួររំលឹកថា រយៈពេលជាង១ឆ្នាំ លោកស្រីក៏បានរួមចំណែកជួយអោយមានកៅអីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៃពាន AFC U-23 Championship 2018 នៅប្រទេសចិន និងទើបតែជួយអោយ U-22 ថៃ បានទទួលមេដាយមាសក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ៕
រូបភាព: presscenter & goal.com