លោក Abu Bakar Fadzim បានធ្វើការព្រមានខ្លាំងៗទៅលើខ្សែប្រយុទ្ធជួរមុខរបស់លោក២រូបថា លោកអាចនឹងដកចេញពីឈុតដំបូងដាក់បម្រុង បើពួកគេមិនអាចបង្ហាញទម្រង់លេងបានល្អក្នុងការប្រកួតខាងមុខ។
ប្រឡូកបីប្រកួតដំបូងក្នុងលីកកំពូលម៉ាឡេស៊ីឆ្នាំ២០១៨ លោក Abu Bakar Fadzim បានបង្ហាញក្ដីបារម្ភរួចទៅហើយ ពីទម្រង់លេងដ៏ខ្សោយនៃតំបន់ប្រយុទ្ធរបស់ក្រុមលោក។ លេងបាន២៧០នាទីរកបានត្រឹមតែមួយគ្រាប់ ក្នុងការប្រកួតលីកលំដាប់ខ្ពស់បំផុតរបស់ម៉ាឡេស៊ី ទម្រង់លេងទូទៅរបស់ពួកគេបង្ហាញការព្រួយបារម្ភជាច្រើន។
ក្រោយពេលបញ្ចប់លេងបីក្នុង Malaysia Premier League កាលពីរដូវកាលមុន PKNP ត្រូវបានដំឡើងឲ្យមកលេងនៅ Malaysia Super League ក្រោយក្លឹប T-Team FC ផ្លាស់ប្ដូររចនាសម្ព័ន្ធ នឹងប្រកាសដកខ្លួនពីការប្រកួតប្រជែងក្នុងរដូវកាលនេះ។ ការយកឈ្នះក្រុមទើបឡើងមកលីកកំពូលដូចគ្នា Negeri Simbilan ក្នុងការប្រកួតដំបូង ក្រុម PKNP លេងបានយ៉ាងល្អប៉ុន្តែការចាញ់២ប្រកួតចុងក្រោយ ធ្វើឲ្យអ្វីៗកំពុងស្ថិតមន្ទិល។
ខ្សែប្រយុទ្ធ កែវ សុខផេងគឺជាកីឡាករតែម្នាក់គត់ ដែលរកបានគ្រាប់បាល់ឲ្យក្រុម ប៉ុន្តែកីឡាកររូបនេះស្ថិតក្នុងចំណោមខ្សែប្រយុទ្ធពីរនាក់ដែលគ្រូបង្វឹកមិនសូវសប្បាយចិត្ត។ កីឡាករម្នាក់ទៀតគឺមិត្តរួមក្រុមរបស់ សុខផេង សញ្ជាតិកូរ៉េខាងត្បូង Yeon Gi-Sung ដែលធ្លាប់បានបង្ហាញថ្វីជើងរកគ្រាប់បាល់នៅ Metfone Cambodian League។
“ សុខផេង និង Gi-Sung ត្រូវបានជ្រើសរើស ដោយសារតែពួកគេបានបង្ហាញទម្រង់លេងល្អរួមគ្នាកាលលេងឲ្យភ្នំពេញក្រោន កាលពីឆ្នាំមុន។ ដូច្នេះហើយការសហការគ្នានិង ការលេងយល់ចិត្តគ្នាទៅវិញទៅមកពិតជាគ្មានបញ្ហាទេសម្រាប់ពួកគេ ដោយអាចរកបានគ្រាប់បាល់យ៉ាងច្រើនពេលលេងឲ្យក្លឹបចាស់របស់ពួកគេ”។
“ប៉ុន្តែក្រោយការប្រកួតទីមួយក្នុងរដូវកាលនេះ ពួកគេហាក់មិនបានបង្ហាញនូវអ្វីដែលពួកគេធ្លាប់ធ្វើ ពេលចាញ់ JDT និងKedah។ បន្ទាប់ពីបីប្រកួតនេះទៅ ខ្ញុំមិនរីករាយជាមួយនូវអ្វីដែលពួកគេបានបង្ហាញ ខណៈដែលពួកគេសម្រេចបានត្រឹម៥០%នៃការសង្ឃឹមទុករបស់ខ្ញុំ”៕
ប្រភព៖ goal