លោក Carlo Mastellon គ្រូ​បង្គោល​ក្រុម​យុវជន​ថ្នាល​របស់​ក្លឹប​​ Juventus និង​ជា​អ្នក​ចាត់​ការ​ទូទៅ​ផ្នែកសាលាយុវជនថ្នាលក្នុង​តំបន់​អាស៊ី​បាន​បង្ហើប​ឲ្យ​ដឹង ​ពី​គម្រោង​បង្កើត​សាលា​បាល់ទាត់​យុវជន​ថ្នាល​មួយ​ក្នុង​ប្រទេស​វៀតណាម។

ប្រសិន​បើ​គម្រោង​នេះ​ត្រូវ​បាន​បើក​ ទីក្រុង​ហូជីមិញ​នឹង​ក្លាយ​ជា​​សាលា​បាល់​ទាត់​យុវជន​ថ្នាល​របស់ ​Juventus ដំបូង​គេ​នៅ​តំបន់​អាស៊ាន។ លោក Mastellon បាន​និយាយ​ក្នុង​កាសែត​ Tuoi Tre Newspaper ថា​៖” វៀតណាម​គឺ​ជា​ប្រជាជាតិ​មួយ​ដែល​មាន​ប្រជាប្រិយ​ភាព​ក្នុង​បាល់​ទាត់​ដែល​មាន​អ្នក​គាំទ្រ​ដ៏​ងប់ងុល​ទៅ​លើ​បាល់​ទាត់។ ខ្ញុំ​ដឹង​ថា​នៅ​ទី​នេះ​មាន​អ្នក​គាំទ្រ​បាល់​ទាត់​អ៊ីតាលី​ជា​ច្រើន​។ ថ្មី​ៗ​នេះ​ប្រព័ន្ធ​យុវជន​ថ្នាល​ក្នុង​ប្រទេស​វៀតណាម ​កំពុង​តែ​អភិវឌ្ឍន៍​​ ដូច្នេះ​ហើយ​យើង​ចង់​ចូលរួម​ក្នុង​ដំណើរការ​នេះ”។

“ យើង​ចង់​សាងសង់​គម្រោង​មួយ​ដើម្បី​អភិវឌ្ឍន៍​លក្ខខណ្ឌ​រាងកាយ​នៃ​កីឡាករ​វ័យ​ក្មេង​របស់​វៀតណាម។​សាលា​បាល់​ទាត់​របស់​Juventus ក្នុង​ប្រទេស​វៀតណាម​នឹង​រួម​បញ្ចូល​ទាំង​បច្ចេកវិទ្យា​ទំនើប​បំផុត​សម្រាប់​កីឡាករ​វ័យ​ក្មេង​ មាន​អាហារ​បំប៉ន វិទ្យាសាស្ត្រ ការ​ពង្រឹង​ផ្នែក​ស្មារតី និង​គំនិត​បាល់​ទាត់​”លោក​បាន​បន្ត។

ការ​បើក​សលា​យុវជន​ថ្នាល​របស់ ​Juventus នឹង​ក្នុង​ទី​ក្រុង​ហូជីមិញ​នឹង​នឹង​ក្លាយ​ជា​ការ​បន្ថែម​ប្រភព​កីឡាករ​របស់​វៀតណាម​ ខណៈ​សលា​បាល់​ទាត់​មួយ​ចំនួន​ កំពុង​ដំណើរ​ការ​មាន​ដូច​ជា​សាលា​យុវជន​ថ្នាល​របស់​ Hoang Anh Gia Lai, PVF, និង ​Viettel Academy ៕