អាជ្ញាកណ្ដាលកម្រិតពិភពលោក ( FIFA referee ) មានសញ្ជាតិជប៉ុន លោក Jumpei Iida នឹងដឹកនាំការប្រកួតនៅក្នុងលីគកំពូលវៀតណាម V.League ចាប់ពីសប្ដាហ៍ទី២១ទៅ ដោយចាប់ផ្ដើមពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែតុលា ខាងមុខនេះ។
នេះបានតាមការបង្ហើបដោយ ក្រុមហ៊ុនបាល់ទាត់អាជីព របស់វៀតណាម (VPF) ដែលជាអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ជាតិ។
អាជ្ញាកណ្ដាលសញ្ជាតិជប៉ុន លោក Iida ត្រូវបានគេទទួលស្គាល់ជាមន្ត្រីអាជ្ញាកណ្ដាលរបស់ FIFA ចាប់តាំងពីឆ្នាំ២០១១ ហើយបានចូលរួមក្នុងការដឹកនាំការប្រកួតជាច្រើនដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីរួមទាំងព្រឹត្តិការណ៍ប្រកួតជម្រុះ World Cup ឆ្នាំ២០១៨, AFC Cup និង AFC Champions League ផងដែរ។
អាជ្ញាកណ្ដាលវ័យ ៣៦ឆ្នាំរូបនេះ បានដឹកនាំការប្រកួតរវាងក្រុមម្ចាស់ជើងឯកវៀតណាម Ha Noi FC និង Kitchee របស់ហុងកុង នៅក្នុងវគ្គជម្រុះ AFC Champions League កាលពីខែមករា។
ការនាំយកអាជ្ញាកណ្តាលបរទេសគឺជាសកម្មភាពមួយដែលជាគម្រោងរបស់ VPF នៅក្នុងឆ្នាំថ្មីនេះ ដើម្បីធានាឱ្យមានតម្លាភាពនៅក្នុងការប្រកួតដែលកំពុងដំណើរការ។
បែបនេះក្ដី ការប្រកួតដែល លោក Iida ត្រូវដឹកនាំ នៅមិនទាន់ត្រូវបានបង្ហាញអោដឹងនៅឡើយទេ។
VPF កំពុងធ្វើការជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាម ដើម្បីអញ្ជើញអាជ្ញាកណ្តាលអន្តរជាតិបន្ថែមទៀតសម្រាប់ការប្រកួតផ្សេងទៀតនៅក្នុងលីគរបស់ខ្លួន៕
រូបភាព: footballrefereeing & zimbio