បើតាមសម្ដីរបស់លោក Abu Baka Fadzim និយាយក្នុងកាសែតភាសាម៉ាឡេស៊ី Berita Harian និងសរសេរជាភាសាអង់គ្លេសរបស់ Goal Malaysia គ្រូបង្វឹករូបនេះ នឹងបញ្ចប់កុងត្រាកីឡាករនាំចូល២រូបគឺ កែវ សុខផេង និង Yeon Gi-Sung ត្រឹមរដូវដោះដូរកីឡាករពាក់កណ្ដាលរដូវកាលនេះបើបង្ហាញទម្រង់លេងមិនបានល្អ។
ឆ្លងកាត់បីប្រកួតកន្លងមកក្លឹប PKNP ទទួលបាន៣ពិន្ទុប៉ុណ្ណោះក្រោយឈ្នះ១និងចាញ់២ ហើយក្លឹបរកបានតែគ្រាប់បាល់មួយគ្រាប់ប៉ុណ្ណោះ។ មួយគ្រាប់រកបានដោយ កែវ សុខផេងលេងទល់នឹង Negeri Simbilan ក្រោយទទួលបានបាល់ពី Gi-sung។
ប៉ុន្តែការចាញ់ JDT និង Kedah FA ក្នុងការប្រកួតទី២និងទី៣ធ្វើឲ្យគ្រូបង្វឹករូបនេះបង្ហាញការព្រួយបារម្ភខ្លាំងទាក់ទងទៅនឹងខ្សែប្រយុទ្ធនាំចូលរបស់លោកសម្រាប់រដូវកាលដំបូងក្នុង Malaysia Super League។
ក្នុងបទសម្ភាសន៍មួយរបស់កាសែត Berita Harian គ្រូបង្វឹករូបនេះបានពោលថា៖” ពិតណាស់!ខ្ញុំនឹងផ្ដល់ឱកាសឲ្យពួកគេដើម្បីកែលម្អ បើមិនដូច្នោះទេខ្ញុំត្រូវបង្ខំចិត្តចាត់វិធានការក្ដៅមួយ គឺបញ្ចប់កិច្ចសន្យារបស់ពួកគេក្នុងទីផ្សារដោះដូរកីឡាករក្នុងពាក់កណ្ដាលរដូវកាលនេះ”។
វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់ PKNP ត្រូវប្រឈមមុខជាមួយក្លឹបចាស់វស្សាក្នុងលីកកំពូល JDT និង Kedah កាលពីប៉ុន្មានសប្ដាហ៍មុន។ ខណៈពេលដែលពួកគេមិនរំពឹងបានច្រើនក្នុងការប្រកួត២លើកនោះ វាជាបញ្ហាទម្រង់លេងរបស់កីឡាកររបស់ពួកគេដែលលោក Abu Baka ត្រូវពិចារណាឲ្យបានច្រើនជាងមើលលើលទ្ធផលជាក្រុម។
ក្នុងចំណោមកីឡាករដែលនៅសល់កាលពីរដូវកាលមុន PKNP នៅសល់តែ Ritus Kraujklis បន្តលេងនៅរដូវកាលនេះ។ខ្សែការពាររូបនេះគឺជាកីឡាករបរទេសដែលក្លឹបរក្សាបានកាលពីរដូវកាលមុនហើយខ្សែការពារកណ្ដាល Nikolv Luben Gueorguiev និងខ្សែបម្រើ Franklin Anzite គឺជាកីឡាករទើបទិញបានរដូវកាលនេះ៕
ប្រភព៖ Goal, Berita Harian