យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន ​football-tribe ជា​ភាសាអង់គ្លេស​បាន​សរសេរ​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​បរាជ័យក្នុង​ការ​អញ្ញើញ​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​ៗកម្រិត​ពិភពលោក​ដូចជា ជម្រើស​ជាតិ​បារាំង, ជម្រើសជាតិ​ឆែក និង​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ ក្នុង​ការ​ចូលរួម​ប្រកួត​ពានរង្វាន់​បាល់ទាត់ King Cup របស់​ខ្លួន​នៅ​ឆ្នាំ​នេះ។

យ៉ាងណាក្តី​សេចក្តី​រាយការណ៍​មួយ​នេះ​បាន​បញ្ជាក់​ថា​​ក្រោយ​បរាជ័យ​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​អញ្ញើញ​ក្រុម​ជម្រើស​ជាតិ Burkina Faso ដែល​ស្ថិត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក និង​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងជើង​មក​ជំនួស​វិញ ខណៈ​ព្រឹត្តិការណ៍​នេះ​គ្រោងរៀបចំ​ពី​១៤ ដល់​១៦​ខែ​កក្កដា ឆ្នាំ​២០១៧ ខាង​មុខ​នេះ មុន​ពេល​ជម្រើស​ជាតិ​ខ្លួន​បញ្ចប់​បេសកម្ម​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក (2018 World Cup third-round qualifying) ជុំទី៣​ ចំនួន២ប្រកួត​ចុងក្រោយ​គឺ​នៅ​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ។

ពានរង្វាន់​បាល់ទាត់ King Cup របស់​ថៃ​ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៨ មក​ម៉្លេះ​ហើយ​ជម្រើស​ជាតិ​ថៃ ធ្លាប់​ឈ្នះ​ជើង​ឯក​ចំនួន​១៤​លើក​ផង​ដែរ​ ខណៈ​ក្រុម​នេះ​ជា​ម្ចាស់​ជើង​ឯកឆ្នាំ​ចាស់ ក្រោយ​យក​ឈ្នះ​លើ​ក្រុមហ្សកដានី ដោយ​លទ្ធផល ២ទល់០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ៕