ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី នឹងធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសកោះហុងកុង នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នេះ។

ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំនេះ នឹងធ្វើឡើងនៅលើកីឡដ្ឋាន Jalan Besar Stadium នាតឹកដីនៃប្រទេសសិង្ហបុរី ខណៈការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា។

ក្រុមទាំង២ក៏ធ្លាប់មានប្រវត្តិជួបគ្នាច្រើនដងផងដែរ មុនជួបគ្នាជាថ្មីម្ដងទៀតនេះ ពោលគឺធ្លាប់ជួបគ្នា ចំនួន៧ដង ក្នុងនោះ សិង្ហបុរី ធ្លាប់ឈ្នះតែម្ដងគត់ និងស្មើគ្នា២ដង ខណៈ៤ដងទៀតហុងកុង ឈ្នះទាំងអស់។

គោលបំណងនៃការប្រកួតនេះ សម្រាប់ក្រុមទាំង២គឺជាការប្រកួតត្រៀមពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ដោយសិង្ហបុរី ត្រូវជួប តួមីនីស្ថាន ស្របពេលដែលហុងកុង ត្រូវជួបប្រកួតជាមួយ ម៉ាឡេស៊ី៕

 

រូបភាព: hkfa.com