បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី ប្រកួតបានត្រឹមចំណាត់ថ្នាក់លេខ៣ ស្មើនឹងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅម៉ាឡេស៊ី គ្រូបង្វឹក លោក Luis Milla បានត្រលប់ធ្វើដំណើរទៅសម្រាកប្រទេសកំណើត អេស៉្បាញ។

យោងតាមការចេញផ្សាយនៅលើវិបសាយក្នុងស្រុកមួយបានអោយដឹងថា ការចេញទៅប្រទេសអេស៉្បាញ ពីសំនាកគ្រូបង្វឹករូបនេះ មិនមែនត្រឹមតែចេញទៅក្នុងន័យសម្រាកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានស្នើរសុំសហព័ន្ធកីឡាបាល់ទាត់ ( PSSI ) របស់ខ្លួន អោយធ្វើការវាយតម្លៃសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបរាជ័យក្នុងដឹកនាំក្រុមសម្រេចយកមេដាយមាសពីព្រឹត្តិការណ៍កីឡា SEA Games 2017។

នេះត្រូវបានបញ្ជាក់ដោយ លោក Gatot Widakdo ប្រធានផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថលនៃ PSSI។ យោងតាមលោក Gatot បានបញ្ជាក់ថា លោក Luis Milla នឹងធ្វើដំណើរទៅប្រទេសអេស្ប៉ាញមួយសប្ដាហ៍មុនពេលវិលត្រឡប់មកប្រទេសឥណ្ឌូនេស៊ីដើម្បីរៀបចំក្រុមត្រៀមស្វាគមន៍ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games ឆ្នាំ២០១៨ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។

«លោក Milla ចង់ទទួលបានការវាយតម្លៃ ឬការពិភាក្សាពី PSSI អំពីការដឹកនាំរបស់គាត់មុនពេលគាត់ត្រូវត្រៀមជាមួយកម្មវិធីបន្ទាប់របស់គាត់»។ លោក Gatot បន្ថែមប្រាប់ក្រុមអ្នកសារព័ត៌មាន។

គួរំលឹកថា ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី បានត្រឹមចំណាត់ថ្នាក់លេខ៣ ស្មើនឹងមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅម៉ាឡេស៊ី ក្រោយយកឈ្នះ ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំមីយ៉ាន់ម៉ា នៅវគ្គដណ្ដើមយកមេដាយសំរឹទ្ធ ដោយលទ្ធផល ៣ទល់១៕

 

រូបភាព: twitter.com/Luismillacoach & Bola