ការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីក្នុងសាល ឆ្នាំ២០១៧ ( កីឡាប្រកួតតែក្នុងសាល ) 2017 Asian Indoor and Martial Arts Games ធ្វើឡើងនៅប្រទេសតួរមីនីស្ថាន ដែលប្រទេសចំនួន១១ ដែលនៅក្នុងតំបន់អាស៊ានបានចូលរួម បានបញ្ចប់ការប្រកួតជាផ្លូវការហើយកាលពីម្សិលមិញនេះ។
ការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Ashgabat ប្រទេសតួរមីនីស្ថាន ដោយមានប្រទេសចំនួន៦៤ មកពីទ្វីបអាស៊ី បូករួមជាមួយប្រទេសមកពីទ្វីបអូសេអានី ផងដែរនោះ ទីបំផុតប្រទេសនៅក្នុងតំបន់អាស៊ានតែ៦ប្រទេសប៉ុណ្ណោះ ដែលឈ្នះមេដាយ ( មាស ប្រាក់ សំរឹទ្ធ ) ពីព្រឹត្តិការណ៍នេះ ខណៈ៥ប្រទេសផ្សេងទៀត ដែលរួមតំបន់មិនទទួលបានសូម្បីតែ១មេដាយឡើយ។
ប្រទេសទាំង៦ដែលទទួលបានមេដាយពីព្រឹត្តិការណ៍នេះ រួមមាន ថៃ, វៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ខណៈ ព្រុយណេ, កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និង ទីម័រខាងកើត ពុំទទួលបានមេដាយឡើយ។
មេដាយដែលអត្តពលិកមកពីប្រទេសចំនួន៦ក្នុងតំបន់អាស៊ានទទួលបានរួមមាន ថៃ ទទួលបាន៧០មេដាយ ( មាស២១ ប្រាក់២០ សំរឹទ្ធ២៩ ) វៀតណាម ទទួលបាន៤០មេដាយ ( មាស១៣ ប្រាក់៨ សំរឹទ្ធ១៩ ) ហ្វីលីពីន ទទួលបាន៣០មេដាយ ( មាស២ ប្រាក់១៤ សំរឹទ្ធ១៤ ) ឥណ្ឌូនេស៊ី ទទួលបាន២០មេដាយ ( មាស២ ប្រាក់៤ សំរឹទ្ធ១៤ ) ម៉ាឡេស៊ី ទទួលបាន១មេដាយ មេដាយប្រាក់ និងសិង្ហបុរី ទទួលបាន១មេដាយ មេដាយសំរឹទ្ធ។
ប្រទេសដែលឈ្នះមេដាយរួមច្រើនជាងគេ គឺបានទៅម្ចាស់ផ្ទះ តួរមីនីស្ថាន ដោយរកបានមេដាយសរុប២៤៥ ក្នុងនោះ មាស៨៩ ប្រាក់៧០ និងសំរឹទ្ធ៨៦ តាមពីក្រោយដោយចិន រកបានមេដាយសរុប៩៧ រួមមានមាស៤២ ប្រាក់៣២ និងសំរឹទ្ធ២៣ ខណៈលេខ៣ បានទៅអ៊ីរ៉ង ដោយរកមេដាយបាន១១៨ ប៉ុន្តែ មាសបានតែ៣៦ ប្រាក់២៣ និងសំរឹទ្ធ៥៩។
លទ្ធផលតារាងមេដាយពេញលេញ:
គួររំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ីក្នុងសាលនេះគឺធ្វើឡើងជាលើកទី៥ ហើយបន្ទាប់ពីចាប់ផ្ដើមដំបូងនៅឆ្នាំ២០០៥ នាទីក្រុងបាងកក ប្រទេសថៃ ខណៈថៃជាក្រុមលេខ២ ដែលរកមេដាយបានច្រើនបន្ទាប់ពី ចិន ដែលរកបានច្រើនជាងគេនៅក្នុងព្រឹត្តិការន៍ដែលធ្វើឡើងនៅរៀងរាល់២ឆ្នាំម្ដងមួយនេះ៕
រូបភាព: Ashgabat 2017 5th Asian Indoor & Martial Arts Games