គ្រូ​បង្វឹក​ក្លឹប Pahang FA លោក Dollah Salleh មិន​អាច​លាក់បាំង​ពី​ភាព​មិន​សប្បាយ​ចិត្ត​របស់​លោក ​ក្រោយ​ក្រុម​បាន​ត្រឹម​ស្មើ​ជាមួយ ​Perak ០-០​ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​ Supe League កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​នៅ​តែ​ពិបាក​បង្ហាញ​ភាព​រឹងមាំ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ដើម​រដូវ​កាល​នេះ​ហើយ​វា​ពិត​សំណាង​ណាស់​ដែល​រក​បាន​មួយ​ពិន្ទុ​ក្នុង​ការ​ប្រកួត​ដែល​ទម្រង់​លេង​ធ្លាក់​ចុះ​បែប​នេះ.។

ក្រុម​ម្ចាស់​ផ្ទះ​​បាន​ធ្វើ​ឲ្យ​ខក​ខាន​ឱកាស​ជា​ច្រើន​ពិសេស​ Matheus Alves ដែល​មាន​សមត្ថភាព​គ្រប់​គ្រង​បាល់​បាន​ល្អ ​ពេល​មាន​សម្ពាធ​បង្កើត​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម​​ក៏​ដូច​ជា​ការ​ទាត់​បញ្ចូល​ទី។ Pahang ជឿជាក់​លើ​ខ្សែ​ប្រយុទ្ធ​ហ្គំប៊ី Mohamadou Sumareh ដែល​ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​​ដោយ​កីឡាករ​រូប​នេះ​ញាក់​បាល់​ដាច់​កីឡាករ​គូរ​ប្រកួត​ច្រើន​នាក់​តែ​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​ត្រូវ​គូ​ប្រកួត​ឈូស​ជើង​ឲ្យ​ដួល​ពីរ​ទៅ​៣​ដង។

Dollah បាន​និយាយ​ថា​កូន​ក្រុម​របស់​លោក​ពឹង​លើ​ Sumareh ខ្លាំង​ពេក​ ខណៈ​កីឡាករ​ដទៃ​ទៀត​​មិន​បាន​ត្រៀម​ខ្លួន​រក្សា​បាល់​ឲ្យ​ជាប់​នឹង​ជើង​ ពេល​ដែល​ក្រុម​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រយុទ្ធ។

Azam គឺ​ជា​កីឡាករ​នាំ​លេង​របស់​ពួក​យើង​ ដែល​តែងតែង​គ្រប់​គ្រង​ការ​ប្រកួត​បាន​ល្អ​ ខណៈ​កីឡាករ​ទើប​ចុះ​កុង​ត្រា​ថ្មី​ ចាន់ វឌ្ឍនាកា​ ធ្វើ​បាន​ល្អ​ក្នុង​តំបន់​ប្រយុទ្ធ​អំឡុង​ប្រកួត​មិត្តភាព ​បើក​រដូវ​កាល​​តែ​គួរ​ឲ្យ​ខូច​ចិត្ត ​ពួក​គេ​ទាំង​ពីរ​ហាក់​លេង​មិន​សូវ​បាន​ល្អ​ហើយ​ខ្ញុំ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​នៅ​វគ្គ​ទី​២”។

“ ទាំង​នេះ​មិន​មែន​ជា​ទម្រង់​លេង​ដែល​យើង​ប្រើប្រាស់​នោះ​ទេ​។ កីឡាករ​យើង​ព្យាយាម​លេង​បាល់​វែង​ហើយ​បង្កើត​កំហុស​ច្រើន​អំឡុង​ពេល​ប្រកួត។ ល្អ​ហើយ​ដែល​យើង​រក្សា​បាន​មួយ​ពិន្ទុ​ ហើយ​ខ្សែ​ប្រយុទ្ធ​គូរ​ប្រកួត​មិន​អាច​រក​បាន​គ្រាប់​បាល់”៕