បំណងធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ២០៣៤ របស់ថៃ កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយមិនទទួលបានការគាំទ្រពីនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha។
បើយោងតាមប្រសាសន៍ លោកស្រី Kobkarn Wattanavrangkul រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បាននិយាយថា រដ្ឋាភិបាលនឹងវិនិយោគក្នុងការអភិវឌ្ឍកីឡា ច្រើនជាងការរៀបចំការប្រកួតកីឡាបាល់ទាត់។
ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក ( FIFA World Cup ) ប្រទេសដែលមានបំណងចង់ធ្វើ ត្រូវតែមានយ៉ាងហោចណាស់កីឡដ្ឋានដែលមានកៅអីផ្ទុកទស្សនិកជនបាន ៨ ម៊ឺននាក់ សម្រាប់ការប្រកួតថ្ងៃបើកឆាក និងវគ្គផ្តាច់ព្រ័ត្រ រួមជាមួយកីឡដ្ឋានដែលផ្ទុកទស្សនិកជនបាន ៦ ម៊ឺននាក់សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងកីឡដ្ឋានដែលផ្ទុកទស្សនិកជនបានចំនួន ៤ម៊ឺននាក់ សំម្រាប់ការប្រកួតផ្សេងទៀតផងដែរ។
បែបនះក្ដី លោកស្រី Kobkarn ដែលជាដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ដដែលបានថ្លែងថា៖ «យើងត្រូវសិក្សាឱ្យបានម៉ត់ចត់នូវអ្វីដែលប្រទេសថៃនឹងទទួលបានពីការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត World Cup នេះ។ យើងត្រូវពិចារណាថាតើវានឹងមានតម្លៃការវិនិយោគដ៏ធំ នេះដែរឬយ៉ាងណា។ យើងក៏ត្រូវការគម្រោងសម្រាប់ការប្រើប្រាស់កីឡដ្ឋានថ្មីៗទាំងនេះ បន្ទាប់ពីការប្រកួត World Cup ផងដែរ។ យើងត្រូវគិតថាតើរឿងនេះ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសឬយ៉ាងណា»។
«យើងត្រូវការថវិកាច្រើនដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក។ យើងត្រូវការពហុកីឡដ្ឋាន ថ្មីជាច្រើន និងប្រព័ន្ធដឹកជញ្ជូន ក៏ដូចជាគ្រឿងបរិក្ខារផ្សេងៗទៀតផងដែរ»។ លោកស្រីបន្ត។
កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ ជាមួយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានប្រកាសជាផ្លូវការថា នឹងសហការគ្នាក្នុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ( World Cup 2034 )៕
រូបភាព: skyscrapercity & bangkok101