កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ ជាមួយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានប្រកាសជាផ្លូវការថា នឹងសហការគ្នាក្នុងដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០៣៤ ( World Cup 2034 )។

បើយោងលើសេចក្ដីប្រកាសក្នុងកិច្ចប្រជុំនៃគណៈកម្មាការសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន (ASEAN Football Federation) លើកទី១២ នាទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ប្រទេសទាំង២បានប្រកាសថា PSSI បានសហការជាមួយ FA of Thailand (FAT) ក្នុងបំណងចង់ដេញថ្លៃរួមគ្នាសម្រាប់ ការធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពីភពលោក FIFA World Cup នៅឆ្នាំ ២០៣៤ ខាងមុខនេះ។

ភ្ជាប់ជាមួយគ្នានេះផងដែរ សេចក្ដីរាយការណ៍ដដែលបានបន្ថែមថា ប្រទេសទាំង២បានទទួលការគាំទ្រពីរដ្ឋាភិបាលរបស់ខ្លួន រៀងៗខ្លួន ស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន ក៏គាំទ្រចំពោះការដេញថ្លៃរួមគ្នានេះផងដែរ។

បែបនេះក្ដី ចំពោះយន្តការពិតប្រាកដនៃដំណើរការដេញថ្លៃនឹងត្រូវប្រកាសនៅថ្ងៃក្រោយ។ នេះបើយោងលើការចេញផ្សាយដដែលនៅលើវិបសាយ aseanfootball.org ៕

 

រូបភាព៖ aseanfootball