ស្របពេលដែលម៉ាឡេស៊ីទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 រដ្ឋមន្រ្តីក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី បានដាក់ចេញនូវយុទ្ធនាការមួយដែលមានឈ្មោះថា «មេដាយ​មួយ ដើម​ឈើ​មួយ​ដើម»។

យុទ្ធនាការ “One Medal, One Tree” ត្រូវបានធ្វើឡើងកាលពីព្រឹក​ថ្ងៃ​ទី០២ ខែ​សីហា ឆ្នាំ​២០១៧ កន្លងទៅថ្មីៗ​នេះ ដែលជាការចាប់ផ្ដើមដំបូង ក្រោមការដឹកនាំរបស់ លោក YB Brig Jen Khairy Jamaluddin រដ្ឋ​មន្ត្រី​ក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី នាកីឡដ្ឋាន Bukit Jalil ផ្ទាល់តែម្ដង។

យុទ្ធនាការនេះ នឹងធ្វើឡើងជា៣ជំហ៊ាន ដោយជំហ៊ានដំបូងដែលបានធ្វើរួចរាល់កាលពីព្រឹកថ្ងៃទី០២ ខែសីហា ស្របពេលជំហ៊ានទី២ នឹង​ប្រគល់ជូន​គ្រាប់​ពូជ​នៃ​ដើមឈើ​ដល់​អត្តពលិក​ដែល​ឈ្នះ​មេដាយ​គ្រប់​ប្រភេទ និងជំហ៊ានទី៣ តម្រូវ​អោយអត្តពលិក​ដែល​ឈ្នះ​មេដាយ​មាស​ដាំ​គ្រាប់​ពូជ​ដើម​ឈើ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ជាផ្លូវការ។

ដើមឈើ​ដែលត្រូវបានត្រៀមសម្រាប់ដាំរួមមានចំនួន ៥២៤៩ ដើម តាម​ចំនួន​មេដាយ​សរុប​ដែល​នឹង​ប្រគល់​ជូន​អត្តពលិក​​ដែល​ចូលរួម​ប្រកួត​ប្រជែង​គ្រប់​វិញ្ញាសា ទាំងនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ក៏ដូចជាព្រឹត្តិការណ៍កីឡា ASEAN Para Games ដូចគ្នាផងដែរ។

គួររំលឹក ការប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games លើកទី២៩ នឹងចាប់ផ្ដើមពីថ្ងៃទី១៤ ខែសីហា តទៅសម្រាប់ការប្រកួត ប៉ុន្តែនឹងធ្វើពិធីបើកជាផ្លូវការនៅថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយមានកីឡាដែលដាក់អោយប្រកួតចំនួន៣៨ប្រភេទ និងមាន៤០៥ វិញ្ញាសាប្រកួត ស្មើនឹង ៥២៤៩ មេដាយ៕

 

រូបភាព: Kuala Lumpur 2017