កីឡាករ​ជម្រើស​ជាតិ​សិង្ហបុរី​​ និង​ជា​ខ្សែ​ការពារ​របស់​ក្លឹប ​Home United, Irfan Fandi នឹង​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស ​ដើម្បី​សាកល្បង​សមត្ថភាព​​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ប្រភព​ពី​ Channel News Asia បាន​ឲ្យ​ដឹង​ថា​ កីឡាករ​វ័យ​២០​ឆ្នាំ​មិន​បាន​បង្ហាញ​ឈ្មោះ​ក្លឹប​លេង​នៅ ​Premier League ដែល​រូប​គេ​ទៅ​សាកល្បង​សមត្ថភាព​នោះ​ទេ​ ប៉ុន្តែ​រូប​គេ​បាន​និយាយ​ថា​ រូប​គេ​ធ្លាប់​មាន​ក្ដី​សុបិន​លេង​នៅ​អឺរ៉ុប។ ប្អូន​ប្រុស​របស់​Irfan ឈ្មោះ Ilhan កំពុង​រៀន​នឹង​ហ្វឹកហាត់​បាល់ទាត់​នៅ​អង់គ្លេស ​ហើយ​ឪពុក​របស់​គាត់​លោក Fandi Ahmad បាន​ទាក់ទង​ទៅ​កាន់​ភ្នាក់​ងារ​ដេញ​ថ្លៃ​កីឡាករ​នៅ​អង់គ្លេស​ដែរ។

Irfan ដែល​បាន​ចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​សិង្ហបុរី​ កាល​ពី​ខែ​កុម្ភៈ​​បាន​បង្ហាញ​ទម្រង់​លេង​បំផុត​ក្នុង​ឆ្នាំ ​២០១៧​នេះ ​ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​លេង​ល្អ​ក្នុង​លីក​កំពូល​សិង្ហបុរី​ឆ្នាំ ២០១៧​ទៀត​ផង។

កាល​ពី​ថ្មី​ៗ​នេះ​រូប​គេ​មាន​ទំនាក់ទំនង​ធ្វើ​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​លីក​កំពូល​ថៃ​ (Thai-League)​គឺ​ក្លឹប​ Bangkok Glass៕