ការប្រកួតក្នុងក្របខ័ណ្ឌ Malaysia Super League ២០១៨សប្ដាហ៍ទី២ ទើបចប់មុននេះបន្តិចគឺ Pahang FA បានប្រកួតចាញ់ក្រុម PKNS ដោយលទ្ធផលគ្រាប់បាល់១ទល់០ ខណៈ ក្រុម Negeri Sembilan របស់ប្រាក់ មុន្នីឧត្តម បានយកឈ្នះ ក្រុមKuala Lumpur FA ២ទល់០។
ការប្រកួតក្នុងកីឡដ្ឋាន Sah Alam Stadium, ក្នុងការប្រកួត៩០នាទីពេញគ្មាននរណាអាចបំបែកពងមាន់បាននោះទេ ទោះបីជាមានឱកាសដូចគ្នាក៏ដោយ។ ចូលដល់នាទីបន្ថែមមានរបួសពោលគឺនាទី៩០+២ ប្រធានក្រុម Safiq Sali របស់ PKNS ប្រើក្បាលសម្រេចទីផ្ដាច់យកបីពិន្ទុពេញពី Pahang FA តែម្ដង។
ក្នុងការប្រកួតនេះ ចាន់ វឌ្ឍនាកាលេងពេញ៩០នាទី ដោយទទួលភារកិច្ចទាត់បាល់ពិន័យហ្វ្រីឃីក និងបាល់ជ្រុងហើយក៏មានឱកាសខ្លះដែរប៉ុន្តែធ្វើមិនបានសម្រេច។ ចប់ការប្រកួតគឺ PKNS ១-០ Pahang FA។
ចំណែក ក្រុម Negeri Sembilan FA បានយកឈ្នះក្រុមមកពីទីក្រុងគូឡាឡាំពួ Kuala Lumpur ២ទល់០។ ២គ្រាប់របស់ក្រុមមួយនេះរកបានដោយខ្សែប្រយុទ្ធ Nicloas Velezទាំងពីរគ្រាប់នៅនាទី១១ និង៣០។ ការប្រកួតនេះ ប្រាក់ មុន្នីឧត្តម ក៏លេងបាន៩០នាទីពេញដែរ៕