ហ្វីលីពីន បានដាក់គោលដៅក្នុងការយកមេដាយមាសចំនួន៥០គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី បើយោងតាមសម្ដីរបស់ប្រធានគណៈប្រតិភូរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃសុក្រ។

តាមសម្ដីលោក Cynthia Carrion-Norton នាយបេសកកម្មអត្តពលិកហ្វីលីពីន បាននិយាយថា មេដាយមាស៥០គ្រឿងនេះគឺជាគោលដៅសមហេតុផលមួយដោយផ្អែកលើការប៉ាន់ប្រមាណពីគណៈកម្មាការជាតិនៃកីឡានីមួយៗ។

«ប្រធានសហព័ន្ធកីឡានីមួយៗបានសន្យាជាមួយខ្ញុំហើយថានឹងធ្វើអោយបានយ៉ាងហោចណាស់សរុប៦៣មេដាយមាស ប៉ុន្តែខ្ញុំមិនរំពឹងដល់ថ្នាក់នោះឡើយ។ ខ្ញុំគិត ៥០មេដាយមាស គឺជាគោលដៅសមហេតុផល»។ នាយបេសកកម្ម ដដែលរូនេះបន្ត។

ការឈ្នះមេដាយមាសចំនួន៥០គ្រឿង នេះជាការបង្ហាញដ៏ល្អបំផុតចាប់តាំងពីកំណត់ត្រារបស់ហ្វីលីពីនខ្ពស់បំផុតធ្វើបាន ១១៣មេដាយមាស កាលគ្រាដែលខ្លួនបានរៀបចំព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០០៥។

ប៉ុន្តែចាប់តាំងពីពេលនោះមក ជោគជ័យរបស់ហ្វីលីពីនបានថយចុះដោយអាចរកមេដាយមាសបានចំនួនត្រឹមតែ២៩ប៉ុណ្ណោះ កាលពីឆ្នាំ២០១៥ នៅសិង្ហបុរី។

កីឡាករដែលមានសក្ដានុពលសម្រាប់ហ្វីលីពីននៅក្នុងការដណ្ដើមមេដាយ រួមមាន វូសូ, បាញ់ធ្នូ, កីឡាចោលបាល់, បាល់បោះ, ប្រដាល់សកល និងតេក្វាន់ដូ។

គួរបញ្ជាក់ថា ហ្វីលីពីន គ្រោងនឹងបញ្ចូនអត្តពលិកចំនួន ៤៩៤នាក់ ដោយចូលរួមប្រកួតលើប្រភេទកីឡាចំនួន៣៨ប្រភេទ ដោយចាប់ផ្ដើមពីថ្ងៃតី១៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នេះ នៅប្រទេសម៉ាឡេស៊ី៕

 

 

 

រូបភាព: newsflash