នៅក្នុងពិធីចុះកិច្ចសន្យាផ្លូវការជាមួយសហព័ន្ធបាល់ទាត់វៀតណាម ( VFF ) កាលពីម្សិលមិញ លោក Park Hang-seo ដែលជាគ្រូបង្វឹកថ្មីបានសន្យាថានឹងដាក់គោលដៅនាំក្រុមជម្រើសជាតិវៀតណាម ចូលទៅចំណាត់ថ្នាក់ក្រុមកំពូលក្នុងពិភពលោកទាំង១០០។

Hang-seo ទើបបញ្ចប់ភារកិច្ចដឹកនាំក្លិប Changwon City FC លេងនៅលីគលំដាប់ទី៣ កូរ៉េខាងត្បូង ត្រូវធ្វើពិធីបង្ហាញខ្លូន ជាមួយការចុះកិច្ចសន្យាផ្លូវការដឹកនាំក្រុមជម្រើសជាតិវៀតណាម រយៈពេល ២ឆ្នាំ និង២ខែ។ ដោយមានរយៈពេលគិតចាប់ពីឆ្នាំ ២០១៧ ដល់ ២០១៩ ដោយកាន់កាប់ក្រុមជម្រើសជាតិវៀតណាម, U-23 និងក្រុមសម្រាប់ព្រឹត្តិការណ៍អូឡាំពិក។

« ខ្ញុំមិនទាន់ទទួលបានព័ត៌មានច្រើនពីកីឡាករ យ៉ាងណាខ្ញុំបានមើលនៅព័ត៌មាន និងទស្សនាការប្រកួតផ្ទាល់កាលពីម្សិលមិញ។ បច្ចុប្បន្នក្រុមជម្រើសជាតិវៀតណាម ស្ថិតនៅលេខ១៣០ ស្របពេលគោលដៅខ្ញុំគឺនាំពូកគេចូលទៅក្នុងចំណាត់ថ្នាក់ក្រុមកំពូលទាំង១០០» សម្តីរបស់ លោក Park។

គ្រូបង្វឹកសញ្ជាតិកូរ៉ខាងត្បូងដដែលបន្តថា៖ « ខ្ញុំនឹងអោយពួកគេហ្វឹកហាត់ខ្លាំងទៅលើការគ្រប់គ្រងបាល់ និងបញ្ជូនបាល់ទៅតាមការបម្លាស់ទៅរបស់កីឡាករនីមួយៗ »។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ( VFF ) បានប្រកាសលើវិបសាយផ្លូវការរបស់ខ្លួន សហព័ន្ធបានតែងតាំងគ្រូបង្វឹកថ្មីនៃក្រុមជម្រើសជាតិវៀតណាមឈុតធំ ជាផ្លូវការហើយ ដែលជាគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ជាមួយនឹងកិច្ចសន្យារយៈពេល២ឆ្នាំ៕

 

រូបភាព: Vietnamnet &  Tuấn Tú