Zinedine Zidane បានបដិសេធព័ត៌មានរអេចរអូចថា គាត់នាំយក Neymar មកលេងនៅ Real Madrid ស្របពេលដែលគាត់និយាយក្នុងសន្និសិទកាសែតបើកការប្រកួតជាមួយ At. Madrid។
តារាបាល់ទាត់ប្រេស៊ីល បានក្លាយជាកីឡាករបាល់ទាត់មានតម្លៃខ្លួនថ្លៃជាងគេ ក្រោយពេលចាកចេញពីក្រុមគូប្រជែង El Clasico, Barcelona របស់ Real Madrid ទៅចូលរួមជាមួយក្លឹបមហាសេដ្ឋីបារាំង Paris Saint-Germain កាលពីខែសីហា។
អញ្ចឹងក៏ដោយ តាមរបាយការណ៍ជាច្រើនបញ្ជាក់ថា កីឡាករវ័យ២៥ឆ្នាំមានទំនាក់ទំនងផ្ទេរមកលេងនៅកីឡដ្ឋាន Santiago Bernabeu ហើយ Zidane កំពុងរៀបចំធ្វើការផ្ទេរក្នុងពេលឆាប់ៗនេះ។ ផ្ទុយទៅវិញ! និយាយក្នុងសន្និសិទកាសែតមុនការប្រកួត គ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយថា៖
“ Neymar ពិតជាកីឡាករល្អម្នាក់ វាគឺជាការពិត! ប៉ុន្តែខ្ញុំមានកីឡាករល្អបំផុតរួចទៅហើយ កំពុងនៅក្នុងក្លឹបក៏ដូចជានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។ អ្នកអាចត្រឹមតែធ្វើការជាមួយពួកគេ ហើយយកចិត្តទុកដាក់ទៅលើកីឡាករដែលនៅទីនេះ ពេលអនាគត តើនរណាអាចដឹងបាន?”
សូមបញ្ជាក់ថា Neymar បានជួយ PSG ឡើងឈរកំពូលតារាង Ligue 1រកបាន៧គ្រាប់ក្នុងការប្រកួត៨ដងកន្លងមក។ ចំណែក Real Madrid វិញនឹងត្រូវជួប AT. Madrid ក្នុងជំនួប Madrid Derby នៅវេលាម៉ោង២និង៤៥នាទីរំលងអាធ្រាតថ្ងៃទី១៩ចូលទី២០វិច្ឆិកាឆ្នាំ ២០១៧ក្នុងកីឡដ្ឋានថ្មី Wanda Metropolitano៕