ខណៈពេលដែលមានមតិជាច្រើនបានរំពឹងថា Jack Wilshere នឹងបន្តស្នាក់នៅជាមួយ Arsenal ប៉ុន្តែភាគីទាំងពីរមិនទាន់មានការពិភាក្សាបន្តកុងត្រាអីនៅឡើយ ស្របពេលកុងត្រានឹងផុតក្នុងរដូវកាលនេះ។ លោក Jurgen Klopp អាចនឹងបង្កើតភាពភ្ញាក់ផ្អើលនាំយកខ្សែបម្រើជម្រើសជាតិអង់គ្លេសមក Livepool។
Wilshere ញាំញីដោយរបួសចាប់តាំងពីររូបគេលេងឲ្យ Arsenal តាំងពីរវ័យជំទង់ហើយបច្ចុប្បន្ននេះ រូបគេត្រូវបានក្លឹបកាត់បន្ថយប្រាក់ប្រចាំអាទិត្យដោយសារមិនសូវមានឱកាសប្រកួតថែមទាំងរបួសច្រើន។ អញ្ចឹងក៏ដោយ តាមប្រភព Metro បាននិយាយថា កិច្ចព្រមព្រៀងជាមួយ Arsenalក្នុងការបន្តកុងត្រាថ្មីអាចនឹងទទួលបានប្រាក់ឈ្នួលខ្ពស់ត្រឡប់មកវិញប៉ុន្តែ Liverpool បានរៀបចំកញ្ចប់ប្រាក់ឈ្នួលសម្រាប់ Wilshere ១០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ច្រើនជាងអ្វីដែលរូបគេទទួលបាននៅកាំភ្លើងធំបច្ចុប្បន្ន។
ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានលោក Jurgen Klopp កំណត់អត្តសញ្ញាណយកមកជំនួស Emre Can ដែលអាចនឹងផ្ទេរទៅលេងនៅ Juventus ពេលចប់រដូវកាលនេះ។ លោក Arsene Wenger បានបាត់បង់ Alex Oxlade-Chamberlain ទៅឲ្យ Liverpool រួចទៅហើយកាលពីដើមរដូវកាលហើយពួកគេអាចនឹងបាត់បង់ Wilshere ម្នាក់ទៀតបើកាំភ្លើងធំមិនគិតគូរទេនោះ។
ក្នុងជ័យជម្នះ៥ទល់១ទល់នឹងEverton កាលពីយប់ថ្ងៃសៅរ៍ Wilshere បានលេងត្រឹម១៣នាទីប៉ុណ្ណោះ ដោយប្ដូរចូលជំនួស Aaron Ramsey៕