តារាចាប់បាល់មុខទីរបស់ Manchester United ត្រូវបានគេរាយការណ៍ថានឹងជិតស៊ីញេកុងត្រាបន្តជាមួយក្លឹប ហើយដែលកុងត្រានេះមានរយៈពេលវែង។
រូបគេនៅតែបង្ហាញខ្លួនបានល្អក្នុង Premier League រដូវកាលនេះ ប៉ុន្តែលោក Jose Mourinho បានធ្វើការធ្ងន់មិនស្ទើរទេដើម្បីរក្សាកីឡាករម្នាក់នេះឲ្យបន្តអនាគតនៅ Old Trafford។ Real Madrid គឺជាក្លឹបតាមចែចង់យ៉ាងស្អិតដូចស្ករតាំងម៉ែហើយរដូវកាលក្រោយពួកគេក៏ដាក់ De Gea ក្នុងបញ្ជីទិញដែរ។
ចុះអ្វីទៅបណ្ដាលឲ្យ De Gea យល់ព្រមបន្តកុងត្រាបន្ថែមជាមួយបិសាចក្រហម? តាមប្រភព The Sun ការផ្ទេរទៅលេងនៅLA Galaxy របស់ Zlatan Ibrahimovic បានធ្វើឲ្យ Man Utd នៅសល់លុយច្រើន ហើយបង្វែរលុយនោះមកបន្ថែមដល់ប្រាក់ឈ្នួលរបស់ De Gea ឲ្យតកុងត្រាថ្មីហើយបើតាមដឹងមួយសប្ដាហ៍កីឡាករអេស្ប៉ាញទទួលបាន ៣៥ម៉ឺនផោនក្នុងរយៈពេល៧ថ្ងៃ។
កាលនៅ Old Trafford , អតីតកីឡាករជម្រើសជាតិស៊ុយអែត ទទួលបានបានប្រាក់ឈ្នួល១២៥,០០០ផោនក្នុងមួយសប្ដាហ៍ហើយរូបគេសុខចិត្តកាត់ការចំណាយ នៃប្រាក់ឈ្នួលរបស់ខ្លួនឲ្យក្លឹបវិញ៩៥% ដើម្បីទៅចូលរួមជាមួយLA Galaxy។
បើតាមដឹង Red Devils នឹងបញ្ចុះបញ្ចូល De Gea ឲ្យបន្តអនាគតជាមួយក្លឹបយូរទៅទៀតហើយយ៉ាងហោចណាស់កិច្ចព្រមព្រៀងស៊ីញេកុងត្រានឹងអាចធ្វើឡើងមុន World Cup មកដល់ឬឆាប់រហ័ដនៅចុងខែនេះ៕