ប្រសិន​បើ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេហ្ស៊ីប​​ Essam El-Hadary ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មាន​ឈ្មោះ​ក្នុង​បញ្ជី​លេង​ World Cup សម្រាប់​ប្រទេស​របស់​គាត់​ គាត់​នឹង​ក្លាយ​ជា​កីឡាករ​វ័យ​ចាស់​ជាង​គេ​បំផុត​ដែល​មាន​វត្តមាន​លេង​នៅ​ World Cup ដល់​វ័យ​៤៥​ឆ្នាំ។

El-Hadary កំពុង​លេង​ឲ្យ​ក្លឹប​ Al-Taawoun FC របស់​អារ៉ាប៊ីសាអូឌីត​បាន​ចូល​លេង​ក្នុង​ជម្រើស​ជាតិ​ដំបូង​ កាល​ពី​ឆ្នាំ​១៩៩៩។​ ចាប់​តាំង​ពីរ​ពេល​នេះ​មក​​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អេហ្ស៊ីប​បាន​១៥៦​ប្រកួត​ហើយ​ពេល​នេះ​គាត់​សុបិន​ថា​នឹង​បំបែក​កំណត់​ត្រា​កីឡាករ​ចាស់​ជាង​គេ​បំផុត​ក្នុង​ជីវិត​បាល់ទាត់​របស់​លោក​ ពេល​ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​ធ្វើ​ដំណើរ​ទៅ​រុស្សី។

“​ខ្ញុំ​រីករាយ​នឹង​លេង​នៅ​ World Cup ហើយ​នេះ​ជា​សារ​ទៅ​ដល់​កីឡាករ​បាល់​ទាត់​ទាំង​អស់​ជុំ​វិញ​ពិភពលោក​ ដែល​អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ក្ដី​សុបិន​របស់​ខ្លួន​ហើយ​ប្រយុទ្ធ​ដើម្បី​ឲ្យ​សុបិន​នោះ​ក្លាយ​ជា​ការ​ពិត” Sadary និយាយ​ក្នុង​កាសែត​BBC។

“​ខ្ញុំ​មាន​វ័យ​៤៥​ឆ្នាំ​ទៅ​ហើយ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​នេះ​គ្រាន់​តែ​ជា​ចំនួន​នៅ​ក្នុង​ក្រដាស​ប៉ុណ្ណោះ។​ខ្ញុំ​ហ្វឹកហាត់​រាល់​ថ្ងៃ។​ខ្ញុំ​មិន​ដឹង​ថា​ពិភពលោក​នេះ​អត្ថន័យ​ពាក្យ​(Impossible=មិន​អាច​ទៅ​រួច)មាន​ន័យ​បែប​ណា​នោះ​ទេ។​ខ្ញុំ​នឹង​រក្សា​ការ​ប្រយុទ្ធ​រហូត​ដល់​World Cup ដើម្បី​មាន​ឱកាស​លេង​និង​ការ​ពារ​ក្នុង​សម្លៀក​បំពាក់​ជាតិ​របស់​ខ្ញុំ”។

អេហ្ស៊ីប​បាន​ឡើង​មក​លេង​នៅ ​World Cup ក្រោយ​ពេល ​Salah រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង​ទល់​នឹង​កុងហ្គោ​។ ​ពួក​គេ​ស្ថិត​ក្នុង​ពូល​A ដោយ​ស្ថិត​នៅ​ជាមួយ​ម្ចាស់​ផ្ទះ​រុស្សី អារ៉ាប៊ីសាអូឌីត​និង​អ៊ុយរូហ្គាយ។

ចំណែក​អ្នក​កាន់​កំណត់​ត្រា​កីឡាករ​វ័យ​ចាស់​បំផុត​ក្នុង ​World Cup គឺ​ Faryd Mondragon ដែល​មាន​វត្តមាន​លេង​ជម្រើស​ជាតិ​កូឡុំប៊ី​ទល់​នឹង​ជប៉ុន​ក្នុង​ឆ្នាំ​២០១៤៕