Kiatisuk Senamuang អាចនឹងក្លាយជាគ្រូបង្វឹកក្លឹប Buriram United បន្ទាប់ពីគ្រូបង្វឹកចាស់លោក Ranko Popovic បានលាលែងពីដំណែងក្លឹបលេងនៅ Thai League 1 មួយនេះកាលពីប៉ុន្មានថ្ងៃមុន។
Popovic ត្រូវបានគណៈកម្មការវិន័យសហព័ន្ធបាល់ទាត់ថៃ ពិន័យមិនឲ្យមានសកម្មភាពជាមួយបាល់ទាត់រយៈពេល៣ខែ នឹងពិន័យប្រាក់៤ម៉ឺនបាត ពីបទប្រើអំពើហិង្សាអំឡុងពេលការប្រកួតក្នុងក្របខ័ណ្ឌ Thai League T1 ជាមួយនឹង Bankok Unitedកាលពីថ្ងៃទី៣មិថុនា។
គ្រូបង្វឹកសញ្ជាតិស៊ែប៊ីបានបញ្ជាក់ថា លោកមិនបានបង្កកំហុស និងបាននិយាយថាគាត់ពិតជាខកចិត្ត ដោយសារការសម្រេចចិត្តនេះ។ ទោះបីជាយ៉ាងនេះក្ដី លោកបានសម្រេចចិត្តឈប់ធ្វើជាគ្រូបង្វឹក Buriram United តែម្ដងទៅបើមិនបានដឹកនាំក្រុមដល់ទៅបីខែឯណោះ។
តាមប្រភព Bangkok Post ក្រុមមានរហស្សនាម The Thunder Castle កំពុងរកគ្រូបង្វឹកមកជំនួសមុនពេលការប្រកួតជើងទី២ក្នុងលីកត្រូវចាប់ផ្ដើមក្នុងសប្ដាហ៍នេះ។ អ្នកគាំទ្រដ៏លើសលប់របស់ក្លឹបបានបង្ហាញពីការពេញចិត្តឲ្យអតីតគ្រូបង្វឹកលោក Kiatisak Senamuang អង្គុយកៅអីក្នុងដំណែងគ្រូបង្វឹកជំនួស Popovic វិញ។
Kiatisak ដែលកំពុងនៅទំនេរមិនទាន់មានការងារធ្វើ ក្រោយប្រកាសចាកចេញពីក្រុមជម្រើសជាតិថៃ តាំងពីរខែមីនាហើយពេលនេះ លោកកំពុងសិក្សាជំនាញគ្រូបង្វឹកកម្រិតខ្ពស់ក្នុងប្រទេសកូរ៉េខាងត្បូង៕