ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំរបស់ក្លិបមកពីប្រទេសអ៊ីតាលី Iner Milan នឹងមកធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ជាមួយឈុតជម្រើសជាតិរបស់មីយ៉ាន់ម៉ា ចំនួន ២ ឈុត នៅពាក់កណ្ដាលខែសីហា ខាងមុខនេះ នៅប្រទេសមីយ៉ាន់ម៉ាផ្ទាល់តែម្ដង។

ឈុតជម្រើសជាតិរបស់មីយ៉ាន់ម៉ា ចំនួន ២ ឈុតរបស់មីយ៉ានម៉ារួមមាន ឈុតអាយុក្រោម ១៨ ឆ្នាំ និងឈុតអាយុក្រោម ២២ ឆ្នាំ នឹងត្រូវប្រកួតជាមួយ ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំ Iner Milan ដែលគ្រោងនឹងប្រកួតនៅកីឡដ្ឋាន Mandalar Thiri Stadium នៃប្រទេសមីយ៉ាន់ម៉ាផ្ទាល់តែម្ដង។

ប្រកួតដំបូងធ្វើឡើងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ ជាការជួបគ្នារវាង Inter Milan U-18 ជាមួយ មីយ៉ាន់ម៉ា U-18 ស្របពេលដែល ២ ថ្ងៃបន្ទាប់ពោលគឺនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៧ Inter Milan U-18 ដដែល នឹងត្រូវជួបប្រកួតជាមួយ មីយ៉ាន់ម៉ា U-22។

គួររំលឹកថា កាលពីឆ្នាំ ២០១៣ សហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា ធ្លាប់បានអញ្ជើញក្រុមយុវជន Fulham និងឆ្នាំ ២០១៤ ធ្លាប់អញ្ជើញយុវជន Westham United ម្ដងហើយប៉ុន្តែបរាជ័យ ក្រោយការពិភាក្សាមិនអាចសម្រេចទៅបាន។

យ៉ាងណាមិញសម្រាប់ មីយ៉ាន់ម៉ា U-18 នឹងត្រូវប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ AFC U-19 Championship ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះពូល G នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ ស្របពេលដែល មីយ៉ាន់ម៉ា U-22 ត្រូវចូលរួមប្រកួតក្នុងពានរង្វាន់ SEA Game 2017 ដែលគ្រោងប្រកួតនៅអំឡុងពាក់កណ្ដាលខែសីហា ខាងមុខនេះផងដែរ៕