ប្រទេសបីនៅអាមេរិកខាងត្បូងគឺ អាហ្សង់ទីន អ៊ុយរុយហ្គាយ និងប៉ារ៉ាហ្គាយនឹងចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2030 ខណៈប្រធានាធិបតីទាំងបីប្រទេសបានប្រកាសកាលពីថ្ងៃពុធម្សិលមិញ។ ប្រទេសទាំងបីបានបញ្ជាក់ពីគម្រោងនេះ ក្នុងកិច្ចប្រជុំមួយនៅទីក្រុង Buenos Aires កាលពីម្សិលមិញ។ World Cup 2030 នឹងក្លាយជាព្រឹត្តិការណ៍វិលជុំរយៈពេល១០០ឆ្នាំ ខណៈប្រទេសដំបូងបំផុតដែលធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ ១៩៣០គឺ អ៊ុយរុយហ្គាយ។
ប្រធានាធិបតីប៉ារ៉ាហ្គាយលោក Horacio Cartes រួមតាំងលោក Mauricio Macri ប្រធានាធិបតី របស់អាហ្សង់ទីននិងលោក Tabare Vazquez របស់អ៊ុយរុយហ្គាយបាននិយាយថា៖” ការប្រជុំលើដំបូង(ការដេញថ្លៃ)នឹងត្រូវរៀបចំក្នុងសប្ដាហ៍ដំបូងនៃខែវិច្ឆិកា។ប្រទេសដទៃទៀតក៏ចង់ធ្វើជាម្ចាស់ផ្ទះដែរ ប៉ុន្តែពួកយើងមានទំនុកចិត្តខ្ពស់ហើយវាជាឱកាសសម្រាប់អ៊ុយរុយហ្គាយគម្រប់ខួប១០០ឆ្នាំដែលពួកគេធ្លាប់ជាម្ចាស់ផ្ទះកាលពី១០០ឆ្នាំមុន”។
ផ្ទុយទៅវិញ! ខាងសហព័ន្ធបាល់ទាត់អឺរ៉ុប បាននិយាយកាលពីមិថុនាថា គាំទ្រយ៉ាងពេញទំហឹងនៅការចង់ធ្វើជាម្ចាស់ផ្ទះរបស់ចក្រភពអង់គ្លេសឬប្រទេសអង់គ្លេសដែលចូលរួមប្រកួតប្រជែងដេញថ្លៃម្ចាស់ផ្ទះWorld Cup2030។ រុស្សីនឹងជាម្ចាស់ផ្ទះ World Cup 2018ខណៈ Qatar នឹងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២២។
លើសពីនេះក៏មានការចូលរួមប្រជែងដេញថ្លៃពីប្រទេសនៅអាមេរិកខាងជើងគឺសហរដ្ឋអាមេរិក កាណាដានិងមិកស៊ិកដែលគេរំពឹងថាប្រទេសមានសមត្ថភាពខ្ពស់និងឥទ្ធិពលក្នុងការធ្វើម្ចាស់ផ្ទះ World Cup 2026 ហើយប្រទេសម៉ារ៉ុកក៏ចូលរួមជាបេក្ខភាពនេះដែរ។នៅឆ្នាំ២០២៦ នឹងមានបន្ថែមក្រុមបាល់ទាត់ពី៣២ក្រុមឡើងដល់៤៨ក្រុម ខណៈការកំណត់ជាថ្មីនេះ ត្រូវបានប្រកាសពី FIFA កាលពីដើមឆ្នាំនេះ៕