Liverpool នឹងមិនឈ្នះពាន Premier Leagueឬក៏ Champions League នៅរដូវកាលនេះទេ ទោះបីជាពួកគេអាចរក្សាទុក Phillipe Coutinho ឲ្យនៅបន្ត នេះបើតាមប្រភពលោក Graeme Souness ដែលជាអតីតកីឡាករ និងគ្រូបង្វឹក។
Coutinho មានព័ត៌មានជាប់ទាក់ទងផ្ទេរទៅលេងនៅ Barcelona ដើម្បីយកទៅជំនួសកន្លែង Neymar ដែលបានប្ដូរទៅលេងនៅ PSG ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក២២២លានអឺរ៉ូ។ Souness បានអារម្មណ៍ថាខ្សែបម្រើប្រយុទ្ធរូបនេះ អាចនឹងចាកចេញពីទឹកដី Anfield ប៉ុន្តែក្រុមរបស់លោក Jurgen Klopp ហាក់មិនអាចប្រជែងជាក្រុមក្រុមខ្លាំងដទៃទៀត ក្នុងពានរង្វាន់ទាំងពីរនេះគឺ Premier League និង Champions Leagueទោះបីជាអាចរក្សាកីឡាករវ័យ២៥ឆ្នាំ។
លោកបាននិយាយក្នុង Sky Sport ៖“ ខ្ញុំគិតថា Klopp គួរតែធ្វើឲ្យច្បាស់ថាតើ Liverpool អាចប្រជែងពាន Premier League នៅរដូវកាលក្រោយបានដែរឬទេ។ខ្ញុំគិតថាក្លឹបបានលេង Champions League និងពានរង្វាន់ក្នុងស្រុក តែត្រូវគិតថាក្លឹបមានឥទ្ធិពលប្រជែងពានបានកម្រិតណា?”
“ ប៉ុន្តែខ្ញុំបានឃើញថា ពួកគេមិនអាចឈ្នះ Champions League ឬក៏ Premier League នៅរដូវកាលនេះទេ ទោះបី Coutinho បន្តលេងជាមួយក្លឹប ឬក៏ចាកចេញក៏ដោយ។ ខ្ញុំអត់បានឃើញចំណុចណាមួយដែល Klopp ទិញកីឡាករថ្មីមកប្រជែងពានទាំងពីរនេះគ្រប់គ្រាន់នៅឡើយ។បើគាត់បាត់បង់ Coutinhoនោះ Klopp ពិតជាពិបាកខ្លាំង ហើយគាត់ដូចអត់មានគម្រោងណាមួយរកកីឡាករថ្មី មកជំនួសខ្សែប្រយុទ្ធមកពីអាមេរិកឡាទីនរូបនេះទេ។ ពួកគេព្យាយាមប្រយុទ្ធ ដើម្បីរក្សាកីឡាករ ប៉ុន្តែកីឡាករខ្លួនឯងសម្រេចចាកចេញនោះ តើបានអីទៅ? Klopp គួរគិតឡើងវិញ”៕