គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រេស៊ីល​លោក Tite ជឿ​ថា ​​Neymar​នឹង​ឡើង​ដល់​កម្រិត​ Lionel Messi និង ​Cristiano Ronaldo​ ក្រោយ​ពេល​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​មហាសេដ្ឋី​បារាំង ​Paris Saint-Germain។

អតីត​កីឡាករ​របស់​ Barcelona មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដែល​នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ អេក្វាឌ័រ និង កូឡុំប៊ី​​ ទោះ​បី​ជា​​ក្រុម​សំបា​មួយ​នេះ​មាន​កៅអី​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup នៅ​រុស្សី​រួច​ហើយ​ក៏​ដោយ។​លើស​ពី​នេះ​ Dani Alves, Thiago Silva និង ​Marquinho ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​នេះ​ផង​ដែរ។

លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ប្រកាស​ឈ្មោះ​កីឡាករ​ថា​៖” មាន​កីឡាករ​បី​នាក់​ ដែល​កំពុង​ប្រយុទ្ធ​ឆ្ពោះ​ទៅ​រក​ដំណែង​នេះ​ គឺ​ Cristiano, Messi និង Neymar។ Ronaldo និង ​Messi ស្ថិត​ក្នុង​ជំនាន់​ខុស​គ្នា​ ហើយ​ Neymar នឹង​ឈាន​ទៅ​ដល់​ទី​នោះ​។ វា​អាស្រ័យ​លើ​ការ​បង្ហាញ​ថ្វី​ជើង​របស់​គាត់​ផ្ទាល់​ មិន​ស្ថិត​នៅ​លើ​ស្ថានភាព​ដែល​គាត់​លេង​ជាមួយ ​Messi នោះ​ទេ​”។

ទម្រង់​ជម្រើស​ដំបូង​១១​នាក់​របស់ ​PSG ដូច​ទៅ​នឹង​អ្វី​ដែល ​Neymar ធ្លាប់​លេង​នៅ​ Barcelona ដែល​នេះ​យើង​អាច​និយាយ​បាន​ថា​​ទម្រង់​លេង​នេះ ​នឹង​ជួយ​កីឡាករ​វ័យ​២៥​ឆ្នាំ​ងាយស្រួល​លេង​ជាមួយ​ក្លឹប​ថ្មី​​។​ នេះ​គឺ​ជា​បង្ហាញ​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ប្រេស៊ី៖

“ ទម្រង់​តាកទិក​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​Paris វា​ដូច​ទៅ​នឹង​អ្វី​ដែល​មាន​នៅ​Barcelona គឺ​៤-៣-៣។ PSG លេង​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​២​នាក់​ហើយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ទី​៣​ជំនួយ​ពី​ក្រោយ​។​ខ្ញុំ​ឃើញ​ថា​វា​មាន​ទម្រង់​ដូច​តែ​គ្នា​ទេ។​យើង​គ្រាន់​តែ​ប្ដូរ​បុគ្គលិកលក្ខណៈ​របស់​កីឡាករ​ដែល​លេង​ជំនួយ​ដល់​Neymar គឺ​ជា​ការ​ស្រេច”៕