ភ្នាក់ងារ​សារព័ត៌មាន​ SITE Intel Group រាយការណ៍​ថា​ ក្រុម​ឧទ្ទាម ​ISIS មាន​ការ​ជាប់​ទាក់ទង​គំរាម​វាយប្រហារ​ក្នុង​ព្រឹត្តិការណ៍​ World Cup នៅ​ក្នុង​រដូវ​ក្ដៅ​១ឆ្នាំ​ក្រោយ​ ក្នុង​ប្រទេស​រុស្សី​​ហើយ​មាន​មនុស្ស​មួយ​ក្រុម​ដែល​ស្គាល់​ថា​ ជា​មនុស្ស​ទាក់ទង​ជាមួយ​ក្រុម​ឧទ្ទាម​ខាង​លើ​ បាន​យក​រូបថត​ Messi ជា​អ្នក​ទោស​ហើយ​កែ​ជា​រូប​យំ​ចេញ​ឈាម​តាម​ភ្នែក​ទៀត​ផង។

 

ភ្នាក់​ងារ​សារព័ត៌មាន​ខាង​លើ​ បាន​រាយការណ៍​កាល​ពី​ម្សិល​មិញ​ថា​ រូប​ភាព​នេះ​​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​ WAFA Media Foundation ដែល​ស្ថាប័ន​មួយ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តាមដាន​ក្រុម​រដ្ឋ​អិស្លាម​ជ្រុល​និយម​ ហើយ​ក៏​ជា​កន្លែង​ត្រួ​ពិនិត្យ​គោល​បំណង​របស់ ​ISIS​ ទៅ​លើ​ពិភពលោក​ផង​ដែរ។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ ដែល ​ISIS បាន​ប្រកាស​ថា​  World Cup 2018 គឺ​ជា​គោលដៅ​វាយ​ប្រហារ​របស់​ពួក​គេ​ ។​ពួក​គេ​ក៏​ធ្លាប់​បញ្ចេញ​រូប​ទាហាន​កាន់​កាំភ្លើង​និង​គ្រឿង​ផ្ទុះ​ មើល​កីឡដ្ឋាន​ Luzhniki Stadium ឆេះ​សន្ធោសន្ធៅ​ក្នុង​ទី​ក្រុង​មូស្គូ​ទៀត​ផង។

Messi គឺ​ជា​កីឡាករ​ម្នាក់​ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​លើ​លោក​ហើយ​សារព័ត៌មាន ​SITE ខាង​លើ​បាន​រាយការណ៍​ថា​ ISIS បាន​ប្រើ​រូប​កីឡាករ​របស់​ Barcelona រូប​នេះ​​សម្រាប់​គម្រាម​វាយ​ប្រហារ​ក្នុង​ចំណោម​សារ​គម្រាម​ជា​ច្រើន​ទៀត​ទាក់ទង់​នឹង​បាល់ទាត់៕