បើ​តាម​សម្ដី​របស់​អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់​បាន​និយាយ​ថា ​​ប្រសិន​បើ​ Marcus Rashford ចង់​រក្សា​ដំណែង​ជម្រើស​ដំបូង​១១​នាក់​ក្លឹប​ណា​មួយ​ គាត់​ចាំ​បាច់​ត្រូវ​តែ​ចាក​ចេញ​ពី​ Manchester United ។

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​មិន​បាន​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ណា​មួយ​ក្នុង​ Premier League តាំង​តែ​ពី​ខែ​ធ្នូ​មក​ម្ល៉េះ​ ហើយ​ការ​មក​ដល់​របស់ ​Alexis Sanchez ធ្វើ​ឲ្យ​រូប​កាន់​តែ​បាត់​បង់​ឱកាស​ចូល​លេង​ទ្វេ​ដង​សូម្បី​តែ​បម្រុង​ក៏​ដោយ។

និយាយ​ក្នុង​កម្មវិធី​ Premier League Daily, អតីត​កីឡាករ​របស់​​ Chelsea, Dannis Wise ថា៖” ពេល​ខ្លះ​គាត់​មិន​បាន​លេង​ពេញ​លេញ​ និង​ទៀងទាត់​នោះ​ទេ​​ដែល​នេះ​នឹង​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ធ្លាក់​ទម្រង់​លេង​កាន់​តែ​ខ្លាំង​ទៅៗ​ហើយ។ មាន​កីឡាករ​ប្រកប​ដោយ​គុណភាព​ជា​ច្រើន​នាក់​ត្រូវ​បាន​នាំ​ចូល​។ មាន ​Lukaku ដែល​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​អាច​រក​បាន​គ្រាប់​បាល់​។​ ខ្ញុំ​មិន​ប្រាកដ​ថា​គាត់ (Rashford)នឹង​បាន​ធ្វើ​នោះ​ទេ។​ សូម្បី​តែ ​Lakaku ក៏​មិន​បាន​បង្ហាញ​ទម្រង់​លេង​ណាស់​ណា​ដែរ។​ Sanchez ជា​កីឡាករ​ម្នាក់​ទៀត​ដែល​លោក​ Jose Mourinho នាំ​ចូល​មក។ មិន​ដឹង​ថា​តើ ​Rashford ត្រូវ​លេង​ពេល​ណា​​កាន់​តួនាទី​ណា​នោះ​ទេ”។

“ កាល​ដែល​គាត់​លេង​ប្រយុទ្ធ​ស្លាប​ញឹក​ញាប់​វា​មិន​មែន​ជា​តួនាទី​ចម្បង​របស់​គាត់​នោះ​ដែរ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​កន្លែង​ណា​ក៏​គាត់​លេង​ដែរឲ្យ​តែ​គ្រូ​បង្វឹក​ដាក់ ព្រោះ​គាត់​ចង់​លេងខ្លាំងណាស់”

Rashford នឹង​ត្រូវ​បាន​គេ​សង្ឃឹម​ថា​អាច​មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​លេង​នៅ​ ​World Cup តែ​យ៉ាង​ណា​រូប​គេ​ចាំ​បាច់​បំផុត ​ត្រូវ​បាន​ចូល​លេង​ទៀងទាត់​សិន។ ពេល​ជួប​ Chelsea ក្នុង​ Premier League ខាង​មុខ​ប្រហែល​ជា​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​មាន​ឱកាស​វិញ​ហើយ៕