លោក Rui Faria ដែលជាដៃស្តាំរបស់អ្នកចាត់ការ Jose Mourinho បានប្រកាសថានឹងចាកចេញពីក្លិប Manchester United នៅដំណាច់រដូវកាល២០១៧-១៨នេះ។

 

លោក Mourinho និយាយថាលោក Faria ដែលបានធ្វើការជាមួយខ្លួនរយៈពេល១៧ឆ្នាំមកនេះ ឥឡូវមានសមត្ថភាពរួចរាល់ដើម្បីដឹកនាំក្លិបដោយខ្លួនឯង។

អ្នកចាត់ការជនជាតិព័រទុយហ្គាល់និយាយថា៖ “១៧ឆ្នាំហើយកូនក្មេងពេលនេះក្លាយជាបុរសហើយ។ ១៧ឆ្នាំនៅ Leiria, Porto, London, Milan, Madrid, London ម្ដងទៀត និង Manchester។ សិស្សពូកែម្នាក់ពេលនេះជាអ្នកជំនាញបាល់ទាត់ រួចរាល់សម្រាប់អាជីពជាអ្នកចាត់ការជោគជ័យម្នាក់”។

សូមបញ្ជាក់ថា លោក Faria ជនជាតិព័រទុយហ្គាល់វ័យ៤២ឆ្នាំ បានធ្វើជំនួយការរបស់លោក Mourinho តាំងពីឆ្នាំ២០០១ នៅក្លិប Uniao Leiria, Porto, Chelsea, Inter Milan, Real Madrid, Chelsea និង Manchester United។