ក្លឹប​​ Manchester United ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​កំពុង​ពិចារណា​ ដាក់​សំណើ​តម្លៃ​ ៩០​លាន​ផោន​ទិញ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​វែល​ Gareth Bale ​នេះ​បើ​តាម​កាសែត​ Daily Star ចុះ​ផ្សាយ។​

ក្លឹប​លេង​នៅ ​Premier League មួយ​នេះ​បាន​ចុះ​កុង​ត្រា​យក​ខ្សែ​ការពារ​ Victor Lindelof (Benfica)​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku (Everton)និង​ខ្សែ​បម្រើ​ Nemanja Matic (Chelsea)​ ក្នុង​រដូវ​ដោះដូរ​កីឡាករ​នេះ។​តែ​ក្លឹប​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​ទៀត​  ទើប​អញ្ចឹង​ហើយ ​ពួក​គេ​នៅ​តែ​មាន​ការ​ជាប់​ទាក់ទង​ក្នុង​ការ​ចំណាយ​លុយ​ធំ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី ​Real Madrid ក្នុង​រដូវ​កាល​២០១៧/១៨។

កីឡាករ​វ័យ​២៨​ឆ្នាំ​ ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​កូន​នាគ​ក្រហម​វែល​ រក​បាន​៩​គ្រាប់ ​និង​បញ្ជូន​បាល់​បាន​៥​គ្រាប់​ក្នុង​រដូវ​កាល​មុន​ជួយ​ក្លឹប​ឈ្នះ ​Champions League និង ​La liga។ Bale, ដែល​ជា​កីឡាករ​មក​ដល់ ​Bernabeu ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៣​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​៨៥.១លាន​ផោន​ ពី​ក្លឹប​​Tottenham Hotspur បាន​ទាត់​បញ្ចូល​ទី​៦៧​គ្រាប់​ក្នុង​១៥០​ប្រកួត​នៅ ​Real Madrid។

បែប​ណា​ក្ដី​! អតីត​យុវជន​របស់​ Southampton ​ដែល​បាន​រក​គ្រាប់​បាល់​បាន​២៦​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​វែល​នឹង​ត្រូវ​បាន​លក់​ចេញ​​ដោយ​លោក Zidane ក្នុង​រដូវ​កាល​នេះ​ ខណៈ​ក្លឹប​កំពុង​រៀប​ចំ​ឯកសារ​ទិញ​យក​ Kylain Mbappe ពី​ក្លឹប​ Monaco។ តាម​របាយ​ការណ៍​សន្និដ្ឋាន​ថា​ក្រុម​បិសាច​ក្រហម​របស់​លោក​ Jose Mourinho អាច​ទម្លាក់​លុយ​៩០​លាន​ផោន​ទិញ​យក​តែ​ម្ដង ​ក្រោយ​គ្រូ​បង្វឹក​រូប​នេះ ​ធ្លាប់​បាន​និយាយ​ថា ​ចង់​ខ្សែ​ប្រយុទ្ធ​ស្លាប​ម្នាក់​ទៀត​ ឲ្យ​ក្រុម​របស់​លោក​មាន​សមតុល្យ​ និង​ជម្រើស​ច្រើន​សម្រាប់​រដូវ​កាល​ក្រោយ។

ការ​ស៊ីញេ​កុង​ត្រា​បំបែក​កំណត់​ត្រា​របស់ Man Utd គឺ​ទិញ ​Paul Pogba ពី​ Juventus ក្នុង​តម្លៃ​៨៩​លាន​ផោន​កាល​ពី​រដូវ​កាល​មុន៕