ក្នុងពិធីសន្និសីទ្ធការសែតបង្ហាញខ្លួនចំពោះអ្នកសារព័ត៌មាន បន្ទាប់ពីបំពេញការផ្ទេររួចរាល់ក្នុងតម្លៃ២២២លានអឺរ៉ូពីBarcelona មក PSG, Neymar បាននិយាយទល់មុខថា គេមកបារាំងលើកនេះចង់បានការប្រកួតប្រជែងថ្មី មិនមែនដោយសារតែលុយនោះទេ។
ខាងក្រោមជាសម្ដីទាំងស្រុង៖” ខ្ញុំមក PSG ដោយសារតែខ្ញុំចង់បានអ្វីដែលថ្មី មកទីនេះមិនមែនដោយសារតែខ្ញុំ មិនក្លាយជា Super Star នៅ Barcelona ឬក៏ដោយសារខ្ញុំមានអារម្មណ៍ថាគ្មានតម្លៃនោះដែរ។ នេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ផ្លាស់ប្ដូរ ហើយខ្ញុំមកទីនេះគឺចង់បានការប្រកួតប្រជែងថ្មី”។
ការផ្ទេរមកក្លឹបនៅបារាំងធ្វើឲ្យ Neymar ក្លាយជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ ក្នុងពិភពលោក និងប្រវត្តិសាស្រ្តបាល់ទាត់ ប៉ុន្តែម្ចាស់សាមីខ្លួនបាននិយាយយ៉ាងច្បាស់ថា៖” ខ្ញុំមិនគិតថាមកទីនេះ ដើម្បីលុយនោះទេ ប្រសិនបើមនុស្សគិតថាខ្ញុំមកទីនេះដោយសារតែលុយនោះ ពួកគេមិនទាន់ស្គាល់ខ្ញុំច្បាស់នៅឡើយ។ ខ្ញុំគ្មានអារម្មណ៍ពីការរងសម្ពាធអ្វីនោះទេ ដោយសារតែលុយចំណាយមកលើខ្ញុំ។ ខ្ញុំទំងន់៦៩គីឡូក្រាម ហើយខ្ញុំក៏អត់បានទូលរែកអ្វីមកជាមួយដែរ“៕