លោក Unai Emery គ្រូ​បង្វឹក ​PSG បាន​ទទូច​ថា​គ្មាន​អ្វី​ត្រូវ​ខ្មាស​គេ​នោះ​ទេ​ដែល​ក្រុម​របស់​លោក​ចាញ់ ​Real Madrid បន្ទាប់​ពី​ការ​ប្រកួត​ចប់​សព្វគ្រប់​ ក្រុម​អ្នក​មាន​បារាំង​បាន​ធ្លាក់​ចេញ​ពី​ពាន​ Champions League ក្រោម​ស្នាដៃ​របស់​ម្ចាស់​ជើង​ឯក។

ក្រោយ​ចប់​ការ​ប្រកួត​លោក​បាន​និយាយ​បែប​នេះ​៖” ការ​ធ្លាក់​ចេញ​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពិត​ជា​ខក​ចិត្ត​ខ្លាំង​ណាស់​​ប៉ុន្តែ​ការ​ចាញ់​ក្រោម​ដៃ​ Real Madrid គ្មាន​អ្វី​គួរ​ខ្មាស​គេ​នោះ​ទេ។​ ពួក​គេ​សាក​សម​នឹង​ឡើង​ទៅ​ហើយ​។ ​មិន​ចាំ​បាច់​វិភាគ​អី​វែង​ឆ្ងាយ​ទេ”។

Cristiano Ronaldo និង​Casemiro រក​បាន​មួយ​គ្រាប់​ម្នាក់​ឲ្យ​Real Madrid ក្នុង​វគ្គ​ទី​២​ខណៈ​ដែល​Cavani រក​បាន​មួយ​គ្រាប់​ឲ្យ​ម្ចាស់​ផ្ទះ​ដែរ។ ការ​ចាញ់​នេះ​ក៏​ដោយ​សារ​បាត់​បង់​Marco Verratti ដែល​ទទួល​បាន​កាត​ក្រហម​នៅ​វគ្គ​ទី​២​ហើយ​សរុប​គ្រាប់​បាល់​គឺ​៥-២។​នេះ​ជា​រដូវ​កាល​ទី​២​ហើយ​ដែល​PSG ចាញ់​ក្រោម​ស្នាដៃ​របស់​ក្រុម​មក​ពី​អេស្ប៉ាញ​ខណៈ​ដែល​រដូវ​កាល​មុន​ចាញ់ ​Barcelona។

“​កម្មវត្ថុ​របស់​យើង​គឺ​ពាន ​Champions League។​ពេល​នេះ​មិន​មែន​ជា​ពេល​វេលា ​និយាយ​ពី​អនាគត​នោះ​ទេ។​ ខ្ញុំ​សង្ឃឹម​ថា ​PSG នឹង​បន្ត​ខិតខំ​ប្រឹង​ប្រែង​ហើយ​សាង​សង​ក្រុម​មួយ​ ដែល​អាច​ឈ្នះ​នៅ​ពេល​អនាគត​។​ ពេល​ដែល​ខ្ញុំ​មក​ដល់​ទី​នេះ​ ខ្ញុំ​បាន​និយាយ​ហើយ ក្រុម​មួយ​នេះ​អាច​ឈ្នះ​ Champions League ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​ និង​ការ​ដំណើរការ​ល្អ​សិន”